CamNews

កីឡាជាតិ 

ចប់ការប្រកួតពេញម៉ោង! កម្ពុជា ចាញ់ម៉ាឡេស៊ី ២-៣ នៃពាន AFF Suzuki Cup 2016

(ភ្នំពេញ)៖ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី បានបញ្ចប់ហើយ ដោយលទ្ធផលកម្ពុជា ចាញ់ម៉ាឡេស៊ី ២-៣ នៅក្នុងជំនួបបើកឆាកពូលB នៃពានរង្វាន់ AFF Suzuki Cup 2016 នៅលើទីលាន Thuwunna នៃទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អនៅតង់ទី១ ដោយត្រឹម ៨នាទីដំបូង ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានបំប៉ោងសំណាញ់ទីក្រុមម៉ាឡេស៊ី ១-០ ឲ្យក្រុមគោព្រៃកម្ពុជា បន្ទាប់មកទើបកីឡាករ Syazwan Zainon ជួបក្រុមម៉ាឡេស៊ីឲ្យតាមស្មើ ១-១ នៅនាទីទី៣៧ មុននឹងបញ្ចប់តង់ទី២។ ចូលតង់ទី២ ក្រុមម៉ាឡេស៊ី បានព្យាយាមដាក់សម្ពាធលើកម្ពុជា ប៉ុន្ដែមិនអាចរកគ្រាប់នាំមុខកម្ពុជាបានឡើយ ផ្ទុយទៅវិញ ចាន់ វឌ្ឍនាកា បានបន្ថែម ១គ្រាប់ទៀតឲ្យកម្ពុជា នៅនាទីទី៥៨ ។ តែគួរឲ្យស្ដាយនៅចុងម៉ោងកីឡាករ Amri Yahyah រកបាន ២គ្រាប់ម្នាក់ឯង នៅនាទីទី៧០ និងនាទី៨០ ជួយឲ្យក្រុមម៉ាឡេស៊ី យកឈ្នះក្រុមគោព្រៃកម្ពុជា ៣-២ តែម្ដង ។

ជ័យជម្នះនេះដែរ បានជួយក្រុមម៉ាឡេស៊ី ឲ្យឡើងឈរកំពូលតារាងពូលB ជាបណ្ដោះអាសន្នមាន ៣ពិន្ទុ គ្រាដែលក្រុមទាំងពីរ នៅសល់ ២ប្រកួតក្នុងដៃស្មើគ្នា ។ ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងក្រុមជម្រើសជាតិវៀតណាម ក៏ត្រូវជួបគ្នាស្វែងរកពិន្ទុក្នុងពូលB នេះផងដែរ ដែលការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន Thuwunna តែមួយគត់ ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី