CamNews

ព័ត៌មានអន្តរជាតិ 

តុលាការអារ៉ាប៊ីសាអូឌីត កាត់ទោសបុគ្គល ៨ នាក់ពីបទសម្លាប់អ្នកកាសែតមកពីស្ថាប័នមួយនេះ

កាលពីថ្ងៃចន្ទ តុលាការអារ៉ាប៊ីសាអូឌីត បានកាត់ទោសបុគ្គល ៨ រូប ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសមនុស្សឃាត លើអ្នកកាសែតម្នាក់ឈ្មោះ Jamal Khashoggi ។ តុលាការ បានសម្រាលទោសប្រហារជីវិតលើអ្នកទោស ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំជំនួសវិញ ។ អ្នកទោសពីររូប ក្នុងចំណោមអ្នកទោសខាងលើ ត្រូវបានតុលាការដាក់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ និងម្នាក់ទៀត កាត់ទោសឱ្យជាប់ ៧ ឆ្នាំ ។



 លោក Khashoggi ដែលជាអ្នកជំទាស់នឹងរបបនយោបាយ និងជាអ្នកសរសេរព័ត៌មាន នៅស្ថាប័នព័ត៌មាន Washington Post ត្រូវបានគេសម្លាប់កាលពីឆ្នាំ ២០១៨ ។ លោក Khashoggi បានមកស្ថានកុងស៊ុលសាអូឌីត នៅប្រទេសទួកគីដើម្បីដកយកឯកសារ សម្រាប់រៀបអាពាហ៍ពិពាហ៍ ដែលបានគ្រោងទុកមួយ ប៉ុន្ដែគេពុំឃើញលោកត្រឡប់មកវិញឡើយ ។ ស្ថាប័នព័ត៌មានជាច្រើន បានរាយការណ៍ថា លោក Kashoggi ត្រូវបានគេសម្លាប់ និងកាត់ជាបំណែកៗ នៅខាងក្នុងស្ថានកុងស៊ុលនោះ ។

 មុនការសម្លាប់លើរូបលោក  Khashoggi បានសរសេររិះគន់ជាញឹកញយ  លើព្រះរាជបុត្រ អារ៉ាប៊ីសាអូឌីត នៅលើបទវិចារណកថា របស់លោក នៅក្នុងកាសែត Washington Post ។ សកម្មជនសិទ្ធិមនុស្សជាច្រើន សង្ស័យថា ការរិះគន់នេះ គឺជាមូលហេតុ ដែលបណ្ដាលឱ្យលោក ត្រូវបានគេសម្លាប់ ។

 របាយការណ៍មួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចុះផ្សាយ កាលពីខែកក្កដា  បានកំណត់ថា មានភស្ដុតាងអាចជឿទុកចិត្ដបាន និងដីកាស៊ើបអង្កេត ទៅលើការទទួលខុសត្រូវលក្ខណៈបុគ្គលរបស់មន្រ្ដីជាន់ខ្ពស់សាអូឌីត រួមទាំងការទទួលខុសត្រូវរបស់ព្រះរាជបុត្រផងដែរ ។ ប៉ុន្ដែ បើទោះជាមានភស្ដុតាងបែបនេះក្ដី ក៏ព្រះរាជអាជ្ញាពុំដែលធ្វើការចោទប្រកាន់លើមន្រ្ដីជាន់ខ្ពស់សាអូឌីតណាម្នាក់ ឬព្រះរាជបុត្រ  Mohammed Bin Salman ឡើយ ។ របាយការណ៍ដដែល បានធ្វើការសន្និដ្ឋានថា ប្រទេស អារ៉ាប៊ីសាអូឌីត និងគួកគី បរាជ័យក្នុងការអនុវ​ត្ដឱ្យស្របនឹងមាត្រដ្ឋានអន្តរជាតិស្ដីពីការស៊ើបអង្កេត ចូលទៅក្នុងមរណភាពក្រៅផ្លូវច្បាប់បែបនេះឡើយ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist