(ភ្នំពេញ)៖ នេះមិនមែនជាលើកទី១ទេ សម្រាប់តារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស និងជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ អ្នកនាង ពេជ្រ សោភា ទទួលបានការលើកសរសើរ ពីសំណាក់ទស្សនិកជ និងតារាសិល្បៈដូចគ្នា លើអត្តចរិក ព្រមទាំងសមត្ថភាព-ទេពកោសល្យ ស័ក្តិសមជាតារាល្បីឈ្មោះ។
តារាចម្រៀង និងគ្រូបង្វឹក (Coach)ក្នុងកម្មវិធី «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ត្រូវបានគេកត់សម្គាល់ឃើញថា នាងហាក់មានយីអ៊ុនខ្ពស់ឡើងវិញ បន្ទាប់ពីបទចម្រៀង Original Song ជាច្រើនត្រូវបានផលិតចេញលក់ នៅលើទីផ្សារចម្រៀង ពិសេសគឺតាមរយៈ «បទរាំញីកែវជើង»។ មិនតែប៉ុណ្ណោះអ្នកនាង ពេជ្រ សោភា ក៏ក្លាយជាគ្រូបង្វឹក (Coach) របស់កម្មវិធី «The Voice Cambodia» រដូវកាលទី២ដែលរៀបចំ ដោយស្ថានីយទូរទស្សន៍ ហង្សមាស ផងដែរ។
ដ្បិតតែយ៉ាងនេះក៏ពិតមែន តែចំពោះអ្នកនាង ពេជ្រ សោភា ថ្មីៗនេះត្រូវបានមហាជន អ្នកគាំទ្រជាច្រើនមើលឃើញថា នាងជាគូ្របង្វឹកដែលមានសមត្ថភាព ក្នុងការជ្រើសរើសត្រូវជាមួយបេក្ខជន ប្រឡងនៅក្នុងកម្មវិធី «The Voice Cambodia» ខណៈដែលមានមិត្តក្នុងហ្វេសប៊ុកមួយចំនួនធំ ក៏បានយល់ឃើញដូចគ្នានេះដែរ។ ម្យ៉ាងទៀត ពេជ្រ សោភា ក៏ត្រូវបានគេលើកសរសើរ ពីទង្វើល្អៗជាមួយបេក្ខជន និងបេក្ខនារីជាកូនក្រុម ផងដែរ។
ប្រភពពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកបានលើកឡើងថា «ខ្ញុំសូមសរសើរបងភា ជាមនុស្សមានទឹកចិត្តចេះជួយទុក្ខធុរៈដល់កូនក្រុម គាត់ដោយបានឲ្យ ស្រីឡៃ ស្លៀករ៉ូបរបស់គាត់ ព្រោះគាត់មិនចង់ឲ្យ ស្រីឡៃ ចំណាយច្រើនទៅលើសម្លៀកបំពាក់ មកប្រឡងចង់ឲ្យទុកលុយទៅព្យាបាលម្តាយ ។ មិនមែនតែ ស្រីឡៃ ម្នាក់ទេ ដែលបងភា ជួយតាំងពី The voice season 1 បងភាតែងតែជួយដល់កូនក្រុម»។
តារាចម្រៀងស្រីថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានអង្គុយលើកៅអី «The Voice Cambodia» រដូវកាលទី២ក្នុងចំណោមតារារួមដំបូល មានដូចជាកញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ និងលោក ណុប បាយ៉ារិទ្ធ។ គ្រូបង្វឹករូបនេះ មិនខុសពីគ្រូបង្វឹក៣នាក់ផ្សេងទៀតដែរ គឺមានតួនាទីក្នុងការជ្រើសរើសបង្ហាត់បង្រៀន និង ណែនាំដល់កូនក្រុម ដើម្បីយកទៅប្រឡងចម្រាញ់ យកអ្នកខ្លាំងពិតក្នុងចំណោម បេក្ខជន-បេក្ខនារី ៣ឬ៤នាក់ចុងក្រោយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង