(ភ្នំពេញ)៖ តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានចូលខ្លួនជួបជាមួយសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ៤៖៣០នាទី រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីបំភ្លឺជុំវិញករណីពាក្យបណ្ដឹងរបស់ខ្លួន ដែលបានប្ដឹងរយៈពេលប្រមាណ១ខែមុខ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកជនអនាមិក មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ថ្លែងប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិច បងប្រុសរបស់តារាចម្រៀង វ៉ាន់ នីឡា គឺកវីនិពន្ធ សុខ ជំនោរ បានបញ្ជាក់ថា នៅពេលនេះលោកបាននាំប្អូនស្រី (កញ្ញា វ៉ាន់ នីឡា) ដើម្បីមកជួបនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺបន្ថែមជុំវិញបណ្ដឹងវែកមុខរក ជនអនាមិកគំរាមទម្លាយរូបភាពរបស់នាង តាមការកោះអញ្ជើញរបស់សមត្ថកិច្ច។
លោកបន្តថា ប្អូនស្រីរបស់លោក ពិតជាធ្លាប់មានមនុស្សគំរាម ហើយអ្នកគំរាមរូបនាងនោះ គឺជាកូនមន្រ្តីមានអំណាចធំម្នាក់ នៅក្នុងក្រសួងមហាផ្ទៃនោះតែម្ដង ប៉ុន្តែ វ៉ាន់ នីឡា គឺជាជនរងគ្រោះ ហើយលោក និងប្អូនស្រីកំពុងតែទន្ទឹងរង់ចាំមើល ពីចំណាត់ការរបស់សមត្ថកិច្ច ធ្វើទៅតាមផ្លូវច្បាប់ ព្រោះខាងលោកគ្មានអំណាច គ្មានអាងខ្នងអ្វីទាំងអស់ ពោលគឺពឹងទៅលើច្បាប់ ជាអ្នកផ្ដល់យុត្តិធម៌ទាំងស្រុង ។
សូមបញ្ជាក់ថា តារាចម្រៀង វ៉ាន់ នីឡា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនអនាមិក ដែលមានបំណងចង់បញ្ចេញរូបស្រាតរបស់នាង ជាសាធារណៈ រហូតដល់ថ្នាក់នាងបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីវែករកមុខជនខិលខូចទាំងនោះ។ កន្លងមកកញ្ញា វ៉ាន់ នីឡា ត្រូវបានគេដឹងថា នាងធ្លាប់មានចំណងស្នេហាយ៉ាងស្អិតល្មួត ជាមួយកូនមន្រ្តីពាក់ផ្កាយ៣ម្នាក់ ហើយជារឿយៗពួកគេតែងតែ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ឲ្យមហាជនបានឃើញ ។
ប៉ុន្តែភាពផ្អែមល្ហែមនេះ បានប្រែក្លាយទៅជាភាពល្វីងជូរចត់ នៅពេលពួកគេបានផ្ទុះរឿងប្រេះឆាគ្នាឡើង រហូតមានការគំរាមកំហែងថា នឹងទម្លាយរូបអាក្រាតកាយ ទើបតារាចម្រៀង វ៉ាន់ នីឡា ប្រញាប់ប្រញាល់ដាក់ពាក្យប្ដឹង ដើម្បីទប់ស្កាត់ទង្វើអសីលធម៌ ដែលនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសនាងយ៉ាងធ្ងន់ធ្ងរ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី