ភ្នំពេញ៖ គេហទំព័រ ThevehicleNews បានស្នើសុំលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា លើកលែងទោស ឲ្យខ្លួន ចំពោះកំហុសឆ្គងលើការចេញផ្សាយ។ គេហទំព័រ បានបញ្ជាក់ថា កំហុសឆ្គងនេះ ដោយសារអ្នកព័ត៌មាន របស់ខ្លួន ទទួលបានសេចក្តីរាយការណ៍មិនច្បាស់ការ។
ការចេញមុខមកសុំទោសរបស់គេហទំព័រ ThevehicleNews បានធ្វើឡើង ក្រោយពីគេហទំព័រមួយនេះ បានចេញ ផ្សាយរិះគន់ទៅលើក្បួនរថយន្តរបស់លោក កែវ រតនៈ ពេលចុះទៅតាមបណ្តាខេត្ត ដោយដាក់ចំណងជើងថា «ក្បួនរថយន្តរបស់អគ្គនាយក EDC ចុះពេលទៅ ខេត្តម្តងៗគគ្រឹកគគ្រេង»។
មន្រ្តីអគ្គិសនីកម្ពុជា បានសម្តែងការមិនពេញចិត្ត ហើយក៏ប្រតិកម្មខ្លាំងទៅនឹងការចេញផ្សាយមួយនេះ។ មន្រ្តីរូប នេះអះអាងថា ការចេញផ្សាយផ្សាយនេះ គឺខុសពីការពិត និងភាពជាក់ស្តែង។
មន្រ្តីអគ្គិសនី ដែលជាញឹកញយបានចុះបេសកកម្មដោយផ្ទាល់ជាមួយលោក កែវ រតនៈ នៅតាមបណ្តាខេត្តនានា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី៤ ខែសីហា ថា រូបគាត់មិនដែល បានឃើញ និងមិន ដែលបានដឹងឡើយថា លោក កែវ រតនៈ អគ្គនាយករបស់លោក មានរថយន្តច្រើនគ្រឿង ហើយពេលចុះទៅខេត្ត ម្តងៗ ក៏ពុំដែលឃើញមានរថយន្តច្រើនដូចការចុះផ្សាយដែរ។
ទោះបីជាយ៉ាងណាក្រោយការចេញផ្សាយមួយថ្ងៃ ThevehicleNews ក៏បានធ្វើលិខិតសុំទោសទៅកាន់លោក កែវ រតនៈ។ « យើងខ្ញុំក៏សូមការអភ័យទោសពីលោក កែវ រតនៈ អគ្គនាយក EDC និង ស្ថាប័នពាក់ព័ន្ធផ្សេងៗ ដោយ សូមឲ្យលោកលែងទោស ព្រោះតែកំហុសអចេតនាមួយពេលនេះ ដោយសារតែអ្នកសារព័ត៌មានយើង ទទួលបាន នូវព័ត៌មានរាយការណ៍មិនច្បាស់ការ។ យើងសូមសន្យាថា នឹងមិនឲ្យកើតឡើងនូវកំហុសដដែលនេះ បន្តឡើយ។អាស្រ័យដូចការរាបរាប់ខាងលើ សូម លោក កែវ រតនៈ អគ្គនាយក EDC និង បុគ្គលិកគ្រប់ជាន់ថ្នាក់ លើកលែង ទោស ទទួលនូវការរាប់អាន និង គោរព ដ៏ខ្ពង់ខ្ពស់ ពីស្ថាប័នយើងខ្ញុំ៕»
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល