CamNews

ព័ត៌មានជាតិ 

អាជ្ញាធរជាតិអប្សរា មានគោលការណ៍ ហាមឃាត់សម្លៀក បំពាក់ស៊ិចស៊ី មិនសមរម្យ តែមិនមាន សមត្ថកិច្ច ហាមឃាត់ ឯក

សៀមរាប ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាញផ្សព្វផ្សាយសង្គម និងសារព័ត៌មាន មួយចំនួនបាន លើកយក ឯកសណ្ឋានយោធា របស់ជនបរទេស ម្នាក់ ដែលពាក់ចូលទស្សនា រមណីយដ្ឋានអង្គរ ជាពិសេសប្រាសាទ អង្គរវត្ត ។ ការលើកឡើងនេះ បង្ហាញពីការមិនពេញចិត្ត និងរិះគន់មក លើអាជ្ញាធរជាតិអប្សរា ដែលបណ្តោយ ឲ្យមានករណីបែបនេះកើតឡើង។

ទាក់ទងនឹងការលើកឡើងនេះ លោក ឡុង កុសល ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិ អប្សរាបញ្ជាក់ ថា អាជ្ញាធរជាតិអប្សរាមាន គោលការណ៍ហាមឃាត់ រាល់សម្លៀកបំពាក់ស៊ិចស៊ី ខើចខ្លីជាដើម ដែលបង្ហាញ ភាពមិនសមរម្យដល់ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ។ ដោយឡែកចំពោះ ករណីការស្លៀក ពាក់ឯក សណ្ឋានយោធាក្នុងទីសាធារណៈ មិនមែនជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាទេ ។

លោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានភារកិច្ចអភិរក្សបេតិកភណ្ឌ ការថែរក្សាប្រាសាទ និងអ្វីៗដែលពាក់ ព័ន្ធផ្នែកវប្បធម៌ជាដើម តែមិនមែនសំដៅ លើការស្លៀកពាក់ឯកសណ្ឋានបែបយោធា ជាដើមនោះឡើយ។

ដោយឡែក ភ្នាក់ងាររបស់អាជ្ញាធរជាតិ អប្សរាក៏បានណែនាំឲ្យគាត់ដោះមួក ពេលដែលត្រូវ ឡើងទៅកាន់ រួតបាកាណ ព្រោះទីនោះជាទីគោរព សក្ការៈរបស់ពុទ្ធបរិស័ទ។ ការណែនាំនេះ ក៏មិនមែនធ្វើតែចំពោះ រូបគាត់ម្នាក់ដែរ គឺរាល់ភ្ញៀវទេសចរណ៍ទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ រួតបាកាណក៏ត្រូវបានបិទមិន ឲ្យចូលទស្សនាជារៀងរាល់ថ្ងៃសីលផងដែរ ទុកសម្រាប់ពុទ្ធបរិស័ទ ដែលធ្លាប់ឡើងទៅគោរពបូជា តាមទំនៀម ទម្លាប់ពីដើមរៀងមក។

ជាមួយគ្នានេះដែរ លោក ឡុង កុសល ក៏បានអំពាវនាវសាធារណជនទាំងអស់ សូមមេត្តាថ្លឹងថ្លែងព័ត៌មានផ្សេងៗ ដែលត្រូវបានបង្ហោះ ក្នុងបណ្តាញហ្វេសបុក ព្រោះថា អ្នកបង្ហោះទាំងនោះមិនមាន ភាពទទួលខុសត្រូវ ចំពោះអ្វី ដែលខ្លួនបង្ហោះនោះទេ។ ព័ត៌មានមួយចំនួនទៀត ក៏យកចេញពីអ្នកដទៃទៅអធិប្បាយក្នុងន័យផ្សេង ក្នុងន័យ បំភ្លៃព័ត៌មាន បំពុលសង្គម តាមភាពអគតិរបស់ខ្លួន ទាំងដែលខ្លួនមិនបានឃើញ ឬជួបប្រទះ ធ្វើឲ្យប្រាសចាកពី ការពិតទាំងស្រុងក៏មាន។

សូមបញ្ជាក់ថា តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រុមការងាររៀបចំផែនការគ្រប់គ្រងទេសចរណ៍អង្គរ (TMP) នៃ អាជ្ញាធរ ជាតិអប្សរា បានបង្កើត ក្រមប្រតិបត្តិ សម្រាប់ភ្ញៀវទេសចរគ្រប់រូប ដែលចូលមកទស្សនា រមណីយដ្ឋាន អង្គរ ។ ក្រមប្រតិបត្តិនេះមាន៧ចំណុច សំខាន់ៗគឺ ការស្លៀកបំពាក់ខើចខ្លីមិនសមរម្យ ការប៉ះពាល់រូបចម្លាក់ដែលមានសញ្ញាហាមឃាត់ ការអង្គុយលើបង្កាន់ដៃដែលផុយស្រួយ ការថតរូបបង្ហាញ អវៈយវៈមិនសមរម្យ ការជក់បារី ការចូលទៅកាន់តំបន់គ្រោះថ្នាក់ដែលហាមឃាត់ និងសកម្មភាពបំផ្លិចបំផ្លាញដល់ចម្លាក់ឬរចនាសម្ព័ន្ធប្រាសាទ។ ទន្ទឹមនឹងនេះ ការបំពងសំឡេង ឬស្រែកច្រៀង ឡូឡាជាដើមក្នុងតំបន់ប្រាសាទ ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរដទៃ ក៏ត្រូវបានហាមឃាត់ផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh