រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង អ្នកស្រី Yoo Myung-hee បាននិយាយ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធកន្លងទៅនេះថា ក្រុងស៊េអូលនឹងដាក់បណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) ពីបទរារាំងការធ្វើពាណិជ្ជកម្មរបស់ជប៉ុន ទៅលើវត្ថុធាតុដើមសំខាន់ៗ ៣ ប្រភេទ ដែលប្រើដើម្បីផលិតស្មាតហ្វូន និងឈីបអង្គចងចាំ ។
ក្រុងស៊េអូល បានចោទប្រកាន់ក្រុងតូក្យូពីបទរំលោភកាតព្វកិច្ចរបស់អង្គការ WTO ដែលហាមប្រាមមិនឱ្យមានការរើសអើង ដោយបានធ្វើការផ្លាស់ប្ដូរនីតិវិធីនាំចេញពីការទាមទារលិខិតអនុញ្ញាតទូទៅ ទៅជាការទាមទាររកលិខិតអនុញ្ញាតបុគ្គល និងកេងផលប្រយោជន៍ពាណិជ្ជកម្ម ដើម្បីជាការសងសឹកទៅនឹងបញ្ហានយោបាយ ។
អ្នកស្រី Yoo និយាយថា៖”ប្រទេសជប៉ុន បានប្រកាសការបង្រ្កាបលើការនាំចេញរបស់ខ្លួន ដោយមិនបានផ្ដល់ដំណឹងជាមុន និងអនុវត្ដការបង្រាបនោះត្រឹមរយៈពេល ៣ ថ្ងៃក្រោយការប្រកាសសេចក្ដីសម្រេចរបស់តុលាការកំពូលកូរ៉េ ។ ប្រទេសនេះ បានបំភ្លេចចោលនូវដំណោះស្រាយតាមនីតិវិធី និងមិនខ្វល់ខ្វាយក្នុងការពិចារណាដល់ប្រទេសជិតខាងរបស់ខ្លួនឡើយ” ។
អ្នកស្រីបន្ថែមថា ប្រសិនបើការប្រឹក្សាជាមួយស្ថានទូតជប៉ុន នៅទីក្រុងសឺណែវ និងអង្គការ WTO មិនអាចដោះស្រាយបញ្ហានេះ ក្នុងរយៈពេលពីរខែក្រោយទេ ក្រុងស៊េអូលនឹងបញ្ជូនរឿងក្ដីនេះ ទៅអង្គការ WTO ដើម្បីឱ្យចេញសេចក្ដីសម្រេចជាក្រុមពីចៅក្រមតែម្ដង ដែលនឹងអាចប្រើពេលជាងពីរឆ្នាំ ដើម្បីដោះស្រាយបញ្ហានេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist