ភ្នំពេញ៖ ក្រសួងព័ត៌មាន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មាន មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ សពសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពីសំណាក់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា ខណៈរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងមានសេចក្តីទុក្ខក្រៀមក្រំ ចំពោះការទទួលមរណភាព របស់សម្តេច ជា ស៊ីម បែរជាកាសែតភ្នំពេញប៉ុស្តិ៍ បានទៅគាស់កកាយឯកសារ កាលពីឆ្នាំ២០០៥ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលតែងតែប្រកាន់ជំហរ ប្រឆាំងរាជរដ្ឋាភិបាល តាំងពីដើមទីមកនោះ ដើម្បីធ្វើការចោទប្រកាន់លើសម្តេច ជា ស៊ីម ថាជាអ្នកបំពានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរក្នុងសម័យខ្មែរក្រហមទៅវិញ។
ប្រភពដដែល បានបន្ថែមថា ការយកការចោទប្រកាន់មួយ ដែលគ្មានមូលដ្ឋានពិតប្រាកដ យកមកចុះផ្សាយ គឺជាការរំលោភបំពានលើ វិជ្ជាជីវៈសារព័ត៌មានមួយ ហើយការដែលចុះផ្សាយអត្ថបទបែបនេះ ក្នុងពេលដែលក្រុមគ្រួសារនៃសព កំពុងកាន់មរណទុក្ខ ជាការខ្វះខាតមនសិការ និងខ្វះសីលធម៌ ព្រមទាំងមានភាពជម្លើយយ៉ាងហួសហេតុ ក្នុងសង្គមកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញ កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយអត្ថបទ ជាភាសាអង់គ្លេសមួយ ក្រោមចំណងជើងថា “Sim’s HR role Scrutinised” ដែលអត្ថបទនេះ មានខ្លឹមសារក្នុងការមូលបង្កាច់សម្តេច ជា ស៊ីម ដោយមិនមានមូលដ្ឋានច្បាស់លាស់៕