(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យជ្រេបន្តិច ក្នុងផលិតកម្ម ថោន កញ្ញា លី អ៉ីវ៉ាធីណា ត្រូវបានទស្សនិកជនមើលឃើញថា នាងបានក្លាយជាតារាចម្រៀងស្រីម្នាក់ មានវ័យជ្រេក្រែលជាងគេ ក្នុងផលិតកម្ម បន្ទាប់ពី សុគន្ធ និសា ដែលបានចាកចេញ និងអ្នកនាង មាស សុខសោភា ដែលកំពុងតែរស់នៅក្នុងដំបូលតែមួយជាមួយគ្នា។
អ្វីដែលជាការចាប់អារម្មណ៍ថ្មី សម្រាប់តារាចម្រៀង លី អ៉ីវ៉ាធីណា នៅពេលនេះ គឺបន្ទាប់ពីនាងបង្ហាញវីដេអូ ច្រៀងនៅក្នុងរថយន្ត នៅក្នុងបណ្ដាញសង្គមរួចមក បែរជាត្រូវមានសំំឡេងរិះគន់លើនាងថា មិនបានគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ពោលគឺនាងគិតតែច្រៀង ហើយមិនបានពាក់ខ្សែក្រវ៉ាត់ ដើម្បីការពារជីវិត ដែលអាចមានគ្រោះថ្នាក់ ជាយថាហេតុនោះឡើយ។
សម្រាប់តារាចម្រៀង លី អ៉ីវ៉ាធីណា មានការគត់សម្គាល់ឃើញថា នាងបានចូលច្រៀងក្នុងពិភពរាប់ឆ្នាំ ស្ទើរតែក្លាយជាមើមយិនស៊ិនទៅហើយនាងមិនដែលលេចឮ រឿងមានជំលោះជាមួយតារាចម្រៀង ឬអ្នកសិល្បៈណាម្នាក់ទេ ព្រោះនាងមានចរឹតឫកពារល្អ ។ ប៉ុន្តែថ្មីៗនេះ នាងមានបញ្ហាល្អក់កករជាមួយនាង ស៊ូ ស៊ីរីកា ដែលអ្នកទាំងពីរ ដូចជាទឹកនឹងប្រេង មិនចូលគ្នាបានឡើយ ថែមទាំងឌឺដងគ្នា ជាញឹកញាប់លើបណ្ដាញសង្គមទៀតផង។
កាលពីពេលថ្មីៗ នាង លី អ៉ីវ៉ាធីណា បានបើកឡានមកពីញុំាអាហារ និងច្រៀងនៅក្នុងក្លឹប រួចបន្តចេញទៅញុំាអាហារខាងក្រៅ ទើបត្រឡប់មកផ្ទះវិញ ប៉ុន្តែអំឡុងពេលត្រឡប់មកវិញ នាងបានបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា «ស្ដាយមិនបានសារភាព» ដែលជាបទចម្រៀងក្នុងផលិតកម្មចាស់ ហើយកាន់តែពិសេសនាង បានច្រៀងលាយ ជាមួយភាសាចិនថែមទៀតផង ។ មហាជនជាច្រើនកោតសរសើរ ទឹកដមសំឡេងរបស់នាង ព្រោះពីរោះរណ្ដំចិត្ត ខណៈមតិរិះគន់ក៏បានកើតឡើង ក្រោយពេលដែលនាង ថតវិដេអូ ក្នុងឡានកំពុងតែបើកបរ ហើយមិនបានពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ ដោយបានពាក់អាវយ៉ាងសិចស៊ី វាលមុខវាលក្រោយ និងហាក់មិនបានប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាព ផ្ទាល់ខ្លួនឡើយ ។
រូបភាព ដែល លី អ៉ីវ៉ាធីណា បានបង្ហាញឡើង ធ្វើឲ្យមហាជនមួយចំនួន គិតអវិជ្ជមានចំពោះនាង ព្រោះតែមិនបានបង្ហាញគំរូ ជាប្រជាជនល្អម្នាក់ ហើយមិនគោរពច្បាប់ចរាចរណ៍ អាងតែយប់ព្រលប់គ្មានប៉ូលិស នាងធ្វើអ្វីតាមតែអំពើចិត្ត ។ ទោះបីនាងជាអ្នកសិល្បៈ ប៉ុន្តែនាងក៏ជាប្រជាជនមួយរូបដែរ ដូចនេះនាងត្រូវតែធ្វើអ្វី ជាគំរូដល់សង្គមជាតិ ។
នាង លី អ៉ីវ៉ាធីណា មិនអាចសុំការបំភ្លឺបានទេ ថាហេតុអ្វីនាងមិនព្រមពាក់ខ្សែក្រវ៉ាត់ ក្នុងពេលធ្វើដំណើរ ហើយគេក៏មិនបានដឹងដែរថា តើនេះជាភាពធ្វេសប្រហែស ឬជាក៏ទម្លាប់របស់នាងឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង