(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តដឹកដី បើកបុកក្មេងស្រីពីរនាក់ស្លាប់ នៅក្រោមកង់រថយន្ត យ៉ាងអាណោចអធ័ម និងក្មេងប្រុសម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីពេទ្យ កាលពីម្សិលមិញនោះមក បានធ្វើឲ្យមហាជន ជាច្រើនសម្តែងអារម្មណ៍តក់ស្លុត និងថ្កោលទោសលើតៃកុង រថយន្តរូបនោះ។ ទន្ទឹមនឹងគ្នានេះ តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មថោន កញ្ញា លី អ៉ីវ៉ាធីណា ក៏បានផ្ទុះកំហឹង ខឹងនូវទង្វើបង្កគ្រោះថ្នាក់ ខាងលើនេះ ផងដែរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីកូនកាត់ចិន ធ្មេញជំពើស លី អ៉ីវ៉ាធីណា ថ្មីៗនេះ បានសរសេរបង្ហោះ ជះកំហឹងជាសាធារណៈថា«ស្អប់ជាងគេ គឺពួកអាឡានធំៗហ្នឹងហ្មង.! បើកលឿនម៉ែអាលឿន ប្រញាប់ទៅងាប់មើលទៅ បើងាប់ម្នាក់ឯងទៅ វាបុកដោយគេមិនដឹងអីទៀត បើវាបើកពេលយប់វិញចាំមើល…»។
កញ្ញា លី អ៉ីវ៉ាធីណា បានសរសេរទៀតថា «រាល់ថ្ងែនេះ ឃើញតែពួកឡានធំៗ និងបុកតែគេសោះហើយ។ ចុះបើគេបុកគ្រួសារវាវិញ វាគិតម៉េច ចាប់បានវៃឲ្យងាប់ហ្មង។ ខ្ញុំក៏សូមសំណូមពរឲ្យប៉ូលិស តាមរកឲ្យឃើញ កុំធូរពេកជីវិតមនុស្សមានតម្លែងណាស់។ សុំទោសបើខ្ញុំនិយាយសំដីធ្ងន់ ព្រោះខឹងពេក ណាមួយប្អូនពីរនាក់ហ្នឹង នៅជិតផ្ទះខ្ញុំ ស្រុកយើងគួរតែមានច្បាប់ឲ្យតឹង អំពីបញ្ហានេះ មិនមែនបុកគេហើយ អាចរួចខ្លួនបានទេ.!»។
ប្រតិកម្មខ្លាំងពុំធ្លាប់មាន របស់តារាចម្រៀង លី អ៉ីវ៉ាធីណា ខាងលើនេះធ្វើឡើង ក្រោយពេលដឹងថា ក្មេងស្រីសិស្សវិទ្យាល័យ ឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដី បើកបុក និងកិនអូសចូលក្រោមរថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ខណៈយុវជនម្នាក់ទៀត ដែលបើកឌុបក្មេងស្រីទាំង២បានរងរបួសធ្ងន់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី