(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ នាង ឃិន ស្រីនាថ ហៅកញ្ញា អ៉ីវ៉ា ត្រូវបានប្រភពព័ត៌មាន ពីអ្នកធ្លាប់ស្គាល់ជិតស្និទ្ធ បានលួចបង្ហើបឲ្យដឹងថា កាលពីមិនទាន់មានឈ្មោះ ជាតារាចម្រៀងល្បី នាងជាក្មេងស្រីម្នាក់ ធ្លាប់គេចសាលា លួចទៅច្រៀងខារ៉ាអូខេ ជាញឹកញាប់ ព្រោះតែនាងមានមហិច្ឆតា ចងក្លាយជាតារាចម្រៀងល្បីម្នាក់ ក្នុងពេលអនាគត។
ស្រីស្រស់កូនកាត់ចិន កញ្ញា អ៉ីវ៉ា ត្រូវបានគេដឹងថា ទទួលការបណ្តុះបណ្ដាលពីកវីនិពន្ធ ដ៏មានទឹកដៃ លោក យឹម តាស្រង់ កាលពីនាងចូលជ្រកកោនដំបូងបំផុត ក្នុងផលិតកម្ម សាន់ដេ ហើយបទចម្រៀង ដែលធ្វើឲ្យមហហាជនស្គាល់ អ៉ីវ៉ា គឺបទ «ទឹកអប់មានពិស» បានក្លាយជាបទចម្រៀងកែប្រែវាសនា របស់ អ៉ីវ៉ា ពីក្មេងស្រីធម្មតាម្នាក់ មកជាតារាចម្រៀងល្បីប្រចាំប្រទេស ព្រោះគា្រន់តែបទចម្រៀងថ្មីនាងប្រមាណបីបទ ចេញលើទីផ្សារភ្លាម មានគេស្គាល់ពេញប្រទេស បាត់ទៅហើយ ។
ប្រវត្តិ និងសាវតា កញ្ញា អ៉ីវ៉ា ហាក់មិនត្រូវបានទម្លាយជា សាធារណៈសោះ ព្រោះនាងហាក់មិនសូវបង្ហាញមហាជនដឹងឡើយថា នាងមានប្រវត្តិបែបណា ប៉ុន្តែប្រភពពីអ្នកខេត្តកំពង់ស្ពឺ បាននិយាយថា អ៉ីវ៉ា ជាក្មេងស្រីម្នាក់ មិនសូវចេះនិយាយស្ដីច្រើន ។ នាងជាក្មេងស្រីរៀនមិនសូវពូកែ ដូចសិស្សដទៃ ព្រោះនាងស្រឡាញ់ការច្រៀង ជាងការរៀនសូត្រ ជាញឹកញាប់ អ៉ីវ៉ា មិនសូវចូលសាលារៀនទេ នាងចូលចិត្តទៅរៀនច្រៀងខារ៉ាអូខេ ជាមួយមិត្តភក្តិ រហូតមិនអាចរៀនសូត្រ បានជាប់លាប់ដូចគេទៀតផង។
ប្រភពដដែលបង្ហាញថា គ្រួសារមិនអាចបង្ខំនាងបាននោះទេ អ្វីៗក៏បណ្ដោយតាមទាំងអស់ អ៉ីវ៉ា មានក្ដីស្រមៃចង់ក្លាយជាអ្នកចម្រៀង មិនមែនអ្នករៀនពូកែ ទើបសម្រេចក្ដីបំណងនោះទេ ដូចនេះនាងសម្រេច ដើរតាមក្ដីស្រមៃរហូត នាងអាចទទួលបានភាពជោគជ័យ ដូចសព្វថ្ងៃនេះ ខណៈអ្វីដែលគេដឹងឮ ពីតារាចម្រៀងស្រីរូបនេះ និងក្រុមគ្រួសារ ហាក់មិនសូវមានព័ត៌មានល្អៗ ។
អ៉ីវ៉ា ត្រូវបានគេនិយាយថា មានថៅកែហាងនៅសៀមរាប តាមស្រឡាញ់ និងឧបត្ថម្ភដល់នាង ទិញតាំងពីរថយន្តឲ្យជាដើម ហើយឪពុករបស់ អ៉ីវ៉ា ក្រោយពីម្ដាយស្លាប់ ក៏ជម្លោះជាមួយម្ដាយ ព្រោះមិនព្រមដណ្ដឹងប្រពន្ធថ្មីឲ្យគាត់ ហើយក៏មានរឿងជាហូរហែ ។ អ៉ីវ៉ា មិនសូវរវល់ជាមួយព័ត៌មានទាំងអស់នោះឡើយ តែឪពុកនាងចេញមុខបដិសេធថា មិនមែនជាការពិត ។
តារាចម្រៀងស្រី អ៉ីវ៉ា មិនអាចសុំការបំភ្លឺបានទេថា នាងពិតជាក្មេងស្រីធ្លាប់គេចសាលា មិនសូវចូលរៀនតែ សុខចិត្តទៅរៀនច្រៀងវិញ ឬយ៉ាណានោះទេ?
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី