សៀមរាប៖ TripAdvisor ដែលជាគេហទំព័រ ដ៏ធំបំផុត លើពិភពលោក ក្នុងវិស័យទេសចរណ៍ ថ្មីៗនេះ បានប្រកាសលទ្ធផលពានរង្វាន់ TripAdvisor Travellers’ Choice Awards ប្រចាំឆ្នាំ ២០១៥ ដល់សណ្ឋាគារ ជុំវិញសកលលោក ដែលបានឈ្នះ នូវពានរង្វាន់របស់ខ្លួន។
នៅក្នុងនោះយើងសង្កេតឃើញមាន សណ្ឋាគាររបស់ខ្មែរដែលមានឈ្មោះថា The Privilege Floor ដែលស្ថិតក្នុងខេត្តសៀមរាប បានទទួលរង្វាន់ខាងផ្នែក សេវាកម្មល្អបំផុត ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកម្ពុជា ចំណាត់ថ្នាក់លេខ៥ ក្នុងតំបន់អាស៊ី និង ចំណាត់ថ្នាក់ទី១៤ លំដាប់ពិភពលោក ក្នុងចំណោមសណ្ឋាគារ កំពូលៗទាំង២៥។
The Privilege Floor គឺជាសណ្ឋាគារដ៏ល្អប្រណិតមួយ របស់ក្រុមហ៊ុន INNOTALITY ដែលមានសណ្ឋាគារពីរផ្សេងទៀតគឺ Borei Angkor Resort & SPA និង Lotus Blanc Resort មានម្ចាស់ និងអ្នកគ្រប់គ្រងសណ្ឋាគារ ជាជនជាតិខ្មែរសុទ្ធសាធ។ The Privilege Floor ត្រូវបានបង្កើតឡើងដើម្បីផ្តល់ នូវបទពិសោធន៍ ឯកសិទ្ធិ បែបខែ្មរជូនដល់ ភ្ញៀវរបស់ខ្លួន ។
លោក វ៉ាន់ ដារ៉ា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន INNOTALITY បានមានប្រសាសន៍ថា ចក្ខុវិស័យរបស់ក្រុមហ៊ុន បានចាត់ទុកសេវាកម្មបំរើ អតិថិជនជាចំបង ហើយនេះ គឺជាមោទនភាពមួយ ដែលសណ្ឋាគាររបស់ខ្មែរ មានអ្នកគ្រប់គ្រងជាជនជាតិខ្មែរ បានឈរក្នុងឆាកអន្តរជាតិ ជាមួយសណ្ឋាគារ កំពូលទាំង២៥ ក្នុងតំបន់ និងពិភពលោក។ នេះជាភាពជោគជ័យ មួយដែលឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង របស់ក្រុមការងារគ្រប់ផ្នែក និង ការវាយតម្លៃខ្ពស់ របស់ភ្ញៀវ ដែលបានមកស្នាក់នៅក្នុង សណ្ឋាគារ The Privilege Floor ។
លោកបានបន្ថែមថា «ការផ្តល់សេវាកម្មល្អ ជូនទៅដល់ភ្ញៀវបរទេស ក៏ជាផ្នែកមួយដែល អាចជួយលើកមុខមាត់ប្រជាជនខ្មែរ និងប្រទេសរបស់ យើងទាំងមូល តាមរយៈវិស័យ បដិសណ្ឋារកិច្ចនេះ។ យើងសង្ឃឹមថា បេតិកភ័ណ្ឌជាតិខ្មែរ ជាមួយនិងភាពពេញចិត្តរបស់ពួកគាត់ទាំងនេះ នឹងធ្វើឱ្យពួកគាត់ចង់ត្រទ្បប់ មកទស្សនាកំសាន្ត ម្តងហើយម្តងទៀត ជាពិសេសគឺអាចជំរុញ ឲ្យភ្ញៀវទេសចរដ៏ទៃទៀត ដែលមិនធ្លាប់មកទស្សនា ឬក៏មិនដែលធ្លាប់ស្គាល់ ប្រទេសរបស់យើង ពីមុនមកនោះ នឹងមានបំណងចង់មកទស្សនា និងទទួលបាននូវបទពិសោធន៏ យ៉ាងពេញចិត្តបែបនេះ គ្រប់ៗគ្នា» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល