(ភ្នំពេញ)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់កម្ពុជា វ៉ន វីវ៉ា បានប្រកាសលក់ផ្ទះជាបន្ទាន់ នៅម្តុំសាលាសង្កាត់ក្រាំងធ្នុង ដើម្បីយកលុយទៅព្យាបាលដៃឆ្វេង ឆ្វេងបន្តទៀត ដែលគេរងរបួសកាលពីខែមិថុនា ឆ្នាំ២០១៥ ពេលប្រកួតទល់នឹង កីឡាករមកពីស៊ុយអែត Car Petchsamman គិតមកដល់ពេល នេះជិត៧ខែហើយ ។
កីឡាករជើងខ្លាំងដែលត្រូវជាប្តីរបស់កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន ដាវីន នោះ ត្រូវបានកីឡាករស៊ុយអែត Car Petchsamman ទាត់ឲ្យបាក់ ឆ្អឹងដៃឆ្វេង និងបោះបង់ការប្រកួតនៅចុងទឹកទី១ និងបញ្ជូនទៅព្យាបាលនៅប្រទេស វៀតណាមផងដែរ តែរហូតមកដល់បច្ចុប្បន្ននេះ បញ្ហារបួសរបស់គេនៅមិនទាន់ ជាសះស្បើយ ១០០ភាគរយនៅ ឡើយទេ ។
ដូច្នេះ កាលពីថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ វ៉ន វីវ៉ា បានប្រកាសលក់ផ្ទះរបស់ខ្លួនជាបន្ទាន់នៅលើ គណនី Facebook របស់ ខ្លួនថា “ខ្ញុំបាទ ត្រូវការលក់ផ្ទះជាបន្ទាន់ ម្តុំសាលាសង្កាត់ក្រាំងធ្នុង យកមកព្យាបាលដៃបន្ត លេខទូរសព្ទ 016 35 93 58 និង 078 65 66 46” ។
សូមរំលឹកដែរថា ក្រោយពី វ៉ន វីវ៉ា ទទួលរងរបួសបាក់ដៃបាន៤ថ្ងៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា បានឧបត្ថម្ភ នូវទឹកប្រាក់ ចំនួន ៥០០០ ដុល្លារអាម៉េរិកផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី