(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក រិន សាវេត ត្រូវបានទស្សនិកជន ក៏ដូចជាអ្នកសិល្បៈដូចគ្នា សម្ដែងក្ដីការអាណិតអាសូរ ព្រោះលោកបានក្លាយជាតារាចម្រៀង មហាសែនកំសត់ជាងគេ និងគ្មានបទចម្រៀងចេញច្រៀង ជាប្រចាំដូចគេឡើយ ខណៈកម្រិតជីវភាព ក៏នៅតែស្ថិតក្នុងស្ថានភាពដុនដាបខ្លាំង រកមួយថ្ងៃរស់មួយថ្ងៃ ហាក់បីដូចជាផ្ទុយស្រឡះ នឹងភាពល្បីល្បាញទៅលើកេរ្តិ៍ឈ្មោះរបស់លោក។
ជារឿងគួរឲ្យខ្លោចចិត្ត និងបានក្លាយជាបន្ទុកធ្ងន់ថ្មីមួយទៀត សម្រាប់តារាចម្រៀងសំឡេងក្រអួនក្រអៅ លោក រិន សាវេត ខណៈដែលពេលនេះ មានអ្នកសិល្បៈរួមអាជីព បានទម្លាយរឿងរ៉ាវភរិយារបស់លោក កំពុងតែមានជំងឺមហារីកសុដនធ្ងន់ធ្ងរ តម្រូវឲ្យក្រុមគ្រូពេទ្យធ្វើការវះកាត់សង្គ្រោះជីវិត ជាបន្ទាន់ បើពុំដូច្នោះទេ ស្ថានភាពជំងឺដ៏ពិបាកព្យាបាលនេះ នឹងឈានដល់ដំណាក់កាលចុងក្រោយ ជាមិនខាន។
ថ្មីៗនេះ អ្នកសិល្បៈជើងចាស់ម្នាក់ បានទម្លាយយរឿងរ៉ាវ លោក រិន សាវេត ខ្ទេចខ្ទីគ្មានសល់ ដោយបានបញ្ជាក់ថា នៅពេលនេះភរិយាលោក រិន សាវេត កំពុងតែមានជំងឺមហារីក សុដន់កំរិតទី៤ ហើយមិនមានអ្នកសិល្បៈណាម្នាក់ ទៅអើតមើល ឬសួរសុខទុក្ខ ដូចអ្នកសិល្បៈល្បីផ្សេងៗទៀតនោះទេ ។ អ្នកនាង ស៊ូ លីនដា តារាចម្រៀងរួមអាជីព ជាមួយលោក រិន សាវេត បាននិយាយក្នុងបណ្ដាញសង្គមថា «ថ្ងៃនេះអ្នកនាង បានមកសួរសុខទុក្ខប្រពន្ធ លោក រិន សាវេត នៅអាគារមហារីក ក្នុងមន្ទីរពេទ្យរុស្សី ថ្ងៃទី១៩ មករា ២០១៧»។ ក្នុងនោះអ្នកនាង ស៊ូ លីនដា បានបង្ហាញរូបភាព ដែលអ្នកនាងធ្លាប់ច្រៀងជាមួយ លោក រិន សាវេត និងរូបភាពភរិយាដ៏កម្សត់របស់ លោក រិន សាវេត ក្នុងសភាពទ្រុឌទ្រោមខ្លាំង ដែលមើលទៅលោក រិន សាវេត ហាក់ពិបាកចិត្តខ្លាំង ព្រោះដំណាក់កាលនេះ ត្រូវចំណាយលុយដ៏ច្រើន ក្នុងការវះកាត់ ដើម្បីកាត់សុដន់ចោល ព្រោះមិនអាចទុក តទៅទៀតបានទេ។
ងាកមកលោក រិន សាវេត ឯណេះវិញ មិនបាននិយាយអ្វីទាំងអស់ ក្នុងបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួន របស់លោក ខណៈដែលភរិយាមានសភាពជំងឺ កាន់តែធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា លោក រិន សាវេត មានភរិយារួចទៅហើយ ថែមទាំងមានកូនប្រុសអាយុ៦ឆ្នាំម្នាក់ទៀត ប៉ុន្តែលោកមិនបានបើកចំហរ ជាសាធារណៈនោះទេ ពេលខ្លះលោកបាននិយាយទាំងក្រៀមក្រំ ក្នុងចិត្តថា លោកចង់រៀបការដូចគេដូចឯងទៀតផង តែមិនដឹងថា ពេលណាលោកមានវាសនា ដូចគេនោះឯងទេ។ លោក រិន សាវេត កាលពីពេលប្រឡងចម្រៀង នៅប៉ុស្តិ៍លេខ៥ មានឈ្មោះក្រៅហៅថា សែន កម្សត់ ឈ្មោះនេះហាក់មិនសូវខុស ពីជីវិតឯកជនរបស់លោកប៉ុន្មានទេ ព្រោះក្រៅពីជាអ្នកសិល្បៈមួយ ដែលមិនមានជីវភាពធូរធាដូចគេ លោកថែមទាំងពិបាកទេវនាខ្លាំងទៀតផង។
យ៉ាងណាមិញ ងាកមកការងារជាតារាចម្រៀង ក្នុងផលិតកម្ម ហង្សមាស វិញ ក៏គេសង្កេតឃើញថា ផលិតកម្មក៏មិនសូវគិតគូ ចេញបទចម្រៀងឲ្យបានច្រើន ដូចតារាក្មេងៗស្រករក្រោយនោះដែរ ពោលក្នុងមួយឆ្នាំចេញបានតែបទចម្រៀង ពេលឱកាសបុណ្យចូលឆ្នាំ តែមួយគត់ ក្រៅពីនោះលោកនៅផ្ទះដេកស្អាត ចាំតែគេហៅច្រៀងតាមរោងការនានា គ្រាន់បានកម្រៃខ្លះដោះស្រាយ បញ្ហាក្រពះ និងស្ថានភាពគ្រួសារ ដែលកំពុងដុនដាបនេះ តែប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង