តាមរយៈសម្លេងឆ្នោត ២-១ ចៅក្រម(Trial Chamber IX ) នៃតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចផ្តន្ទាទោស ឧក្រិដ្ឋជន Dominic Ongwen ដាក់ពន្ធនាគារ ២៥ ឆ្នាំ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំនួន ៦១ ករណី ។ ពិរុទ្ធជន Ongwen គឺជាអតីតមេបញ្ជាការកងពលតូចនៃក្រុមឧទ្ទាមអាហ្វ្រីក Lord’s Resistance Army (LRA) ។
ទណ្ឌិត Ongwen ត្រូវបានចាប់ចូលជាសមាជិក ដោយក្រុមឧទ្ទាម LRA ខណៈដែលក្មេងអាយុ ៩ ឆ្នាំរូបនេះ កំពុងធ្វើដំណើរទៅសាលារៀន ហើយក្រោយមក រូបគេ បានក្លាយជា មេបញ្ជាការកំពូលនៃក្រុមឧទ្ទាមនេះ ។ អ្នកទោសរូបនេះ គឺជាមនុស្សដំបូងគេ ដែលត្រូវបានជំនុំជម្រះទោស ដោយតុលាការ ICC ចំពោះបទឧក្រិដ្ឋ ដែលខ្លួន បានប្រព្រឹត្ដ ។
ខណៈដែលតុលាការព្រហ្មទណ្ឌអន្ដរជាតិ អាចនឹងផ្ដន្ទាទោសឧក្រិដ្ឋជនរូបនេះជាអតិបរិមារហូតដល់ ៣០ ឆ្នាំ និងមួយជីវិត ក្នុងពន្ធនាគារ តាមស្ថានទម្ងន់នៃបទឧក្រិដ្ឋ និងស្ថានភាពបុគ្គលនៃទណ្ឌិតរូបនេះ ក្រុមរដ្ឋអាជ្ញា បែរជាស្នើឱ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិចត្រឹម ២០ ឆ្នាំបានហើយ ដោយក្ដីអនុគ្រោះចំពោះប្រវត្ដិបុគ្គលរបស់ទណ្ឌិត Ongwen បើទោះជាជនរងគ្រោះស្នើឱ្យតុលាការផ្ដន្ទាទោសបុគ្គលនេះ ដាក់គុកមួយជីវិត ហើយមេធាវីរបស់ជនរងគ្រោះ ស្នើឱ្យបន្ថែមទោស ១០ ឆ្នាំទៀតក្ដី ។ ប្រធាននៃអង្គចៅក្រម លោក Bertram Schmitt បានមានប្រសាសន៍ថា ក្នុងការកំណត់លើការសម្រេចផ្ដន្ទាទោស លើបទឧក្រិដ្ឋរបស់ពិរុទ្ធជន Ongwen តុលាការត្រូវតែថ្លឹងថ្លែងទៅលើស្ថានភាពបុគ្គលផ្ទាល់ខ្លួនរបស់គាត់ ដែលចំណុចនេះ ហើយ ទើបជួយឱ្យគាត់រួចផុតពីការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារមួយជីវិត ។ កំណត់ហេតុសង្ខេបនៃសេចក្ដីសម្រេចផ្តន្ទាទោស បានលើកឡើងថា ៖
“សភាជំនុំជម្រះ ត្រូវប្រឈមនឹងករណីបច្ចុប្បន្ន ដោយថ្លឹងថ្លែងទៅលើស្ថានភាពជាក់ស្ដែង ។ សភាជំនុំជម្រះ ត្រូវប្រឈមនឹងពិរុទ្ធជន ដែលបង្កទុក្ខទោសយ៉ាងក្រៃលែងចំពោះជនគ្រោះដោយចេតនាពេញទំហឹង ។ តែទោះជាយ៉ាងនេះក្ដី សភាជំនុំជម្រះ ប្រឈមនឹងឧក្រិដ្ឋជន ដែលខ្លួនគេផ្ទាល់ ធ្លាប់រងទុក្ខខ្លោចផ្សារ នៅក្នុងកណ្ដាប់ដៃក្រុមឧទ្ទាម ដែលក្រោយមក ធ្វើឱ្យអ្នកទោសរូបនេះ ក្លាយជាសមាជិក និងមេដឹកនាំដ៏លេចធ្លោរម្នាក់ “។
ខណៈ ដែលតុលាការ បានពិចារណាទៅលើកុមារភាព ការចាប់ចូលក្រុមឧទ្ទាម LRA និងការរស់នៅបច្ចុប្បន្នរបស់គេ ជាមួយក្រុមឧទ្ទាមនេះ ដែលគួរទទួលបាននូវស្ថានសម្រាលទោសនោះ តុលាការ ក៏បានពិចារណាផងដែរ ចំពោះស្ថានទម្ងន់ទោសជាច្រើនដូចជា ភាពសាហាវយង់ឃ្នង អសមត្ថភាពការពារខ្លួនរបស់ជនរងគ្រោះ ពហុភាពនៃបណ្ដឹងរបស់ជនរងគ្រោះ និងការរើសអើងចំពោះជំហរនយោបាយ និងការរើសអើងប្រឆាំងនឹងស្រ្ដីភេទ ។ កំណត់ហេតុសង្ខេបនៃសេចក្ដីសម្រេច លើកឡើងថា ៖
ពិរុទ្ធជន Dominic Ongwen មានចេតនាពេញទី ក្នុងការប្រព្រឹត្ដបទឧក្រិដ្ឋទាំងអស់នេះ ។ បុគ្គលរូបនេះ កាន់តួនាទីយ៉ាងសំខាន់ នៅក្នុងក្រុមវាយប្រហាររបស់ខ្លួន ។ រូបគេ បានចូលរួម ក្នុងការរៀបចំផែនការវាយប្រហារទៅលើជំរុំ Pajule IDP និងចូលរួមដោយផ្ទាល់ នៅក្នុងការវាយប្រហារនោះ ។ នៅឯការវាយប្រហារដទៃទៀត រូបគេ គឺជាមនុស្សម្នាក់ ដែលបានសម្រេចបើកការវាយប្រហារ ។ រូបគេ បានជ្រើសរើសក្រុមអ្នកវាយប្រហារ និងមេបញ្ជាការថ្មើរជើង និងចេញសេចក្ដីណែនាំច្បាស់ៗ មុនការវាយប្រហារ ។ ឧក្រិដ្ឋជនរូបនេះ បានរាយការណ៍ពីលទ្ធផលនៃខ្សែសង្វាក់បញ្ជា នៅលើវិទ្យុ LRA ក្រោយការវាយប្រហារនីមួយៗ បានបញ្ចប់ និងប្រកាសយកមុខមាត់ខ្លួនឯង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist