(ឥណ្ឌូនេស៊ី)៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើង នៅប្រទេសឥណ្ឌូនេស៊ី គឺអ្នកចម្រៀងស្រីម្នាក់ បានបាត់បង់ជីវិត ខណៈកំពុងសម្តែងខនសឺត នៅលើឆាកតន្ត្រីមួយ ក្នុងខេត្ត Karawang បន្ទាប់ពីមានពស់ពិសមួយក្បាល បានវារចេញមកចឹងនាង។
នារីរងគ្រោះ មានអាយុ២៩ឆ្នាំឈ្មោះ Irma Bule បានឡើងច្រៀង នៅលើឆាកប្រគំតន្ត្រី ហើយនាងទើបតែសម្តែងបាន ពាក់កណ្តាលបទប៉ុណ្ណោះ ក៏ត្រូវសត្វពស់អសិរពិសមួយក្បាលវារ ឡើងឆាក រួចខាំចំភ្លៅតែម្តង ប៉ុន្តែអ្នកចម្រៀងស្រីរូបនេះ នៅតាំងអារម្មណ៍ច្រៀងបន្តបាន ដោយមិនបានរួសរាន់ ឆាប់ទៅព្យាបាលរបួសឡើយ ទើបបណ្តាលឲ្យស្លាប់ យ៉ាងអណោចអធមបែបនេះ។
សាក្សីនៅកន្លែងកើតហេតុ និយាយថា Irma មិនកើតអ្វីទេ ពីដំបូងដែលត្រូវពស់ចឹក ប៉ុន្តែប្រមាណ៤៥នាទីក្រោយមក នាងក៏ចាប់ផ្តើមក្អួតចង្អោរ រួចដួលប្រកាច់ពេញលើឆាក ក៏ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ តែសំណាងអាក្រក់ អ្នកចម្រៀងស្រីរូបនេះ បានដាច់ខ្យល់ទៅហើយ នៅពេលមកដល់មន្ទីរពេទ្យ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង