ក្រុងញូវដេលី៖ ប្រទេសឥណ្ឌាបានតាមទាន់ប្រទេសប្រេស៊ីល នៅថ្ងៃចន្ទទី៧ ខែកញ្ញានេះ ដែលក្លាយជាប្រទេសឆ្លងជំងឺខូវីដ ១៩ ដ៏អាក្រក់បំផុតលំដាប់ទី ២ បន្ទាប់ពីអាមេរិក នេះបើយោងតាមចំនួនបូកសរុបរបស់ AFP។
ប្រទេសអាស៊ីខាងត្បូងមួយនេះ បានកត់ត្រាការឆ្លងវីរុសខូរ៉ូណាចំនួន ៤.២ លានករណី ចាប់តាំងពីការរាលដាលនៃជំងឺនេះចាប់ផ្ដើម។ នេះ បើយោងតាមទិន្នន័យរបស់ក្រសួងសុខភិបាល បានបង្ហាញ ដោយធៀបនឹងប្រេស៊ីលមានចំនួន ៤.១២ លាន និងអាមេរិកចំនួន ៦.២៥ លានករណី ។
មិនតែប៉ុណ្ណោះ ឥណ្ឌាបានកត់ត្រាចំនួនអ្នកស្លាប់ចំនួន ៧១,៦៤២ នាក់ ដែលមានចំនួនតិចជាងអត្រាមរណភាព ១២៦,២០៣ នាក់ នៅប្រេស៊ីល និង ១៨៨,៥៤០ នាក់ នៅអាមេរិក ។
ទោះជាយ៉ាងណា អ្នកជំនាញជាច្រើន បាននិយាយថា ប្រទេសនេះ ពុំបានធ្វើតេស្ដគ្រប់ជ្រុងជ្រោយ និងកត់ត្រាចំនួនមរណភាពបានត្រឹមត្រូវនោះទេ ដូច្នេះមានន័យថា ចំនួនពិតប្រាកដ អាចខ្ពស់ជាងនេះ ។
ចាប់តាំងពីខែសីហា ប្រទេស ដែលមានពលរដ្ឋរស់នៅ ១.៣ ពាន់លាននាក់ ជាប្រទេស ដែលមានទីក្រុងធំៗ និងមានមនុស្សរស់នៅច្រើនកកកុញមួយនេះ បានកត់ត្រា នូវការឆ្លងវីរុសខូរ៉ូណាខ្ពស់បំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃ ។ នៅថ្ងៃចន្ទនេះ ប្រទេសនេះ បានកត់ត្រានូវការកើនឡើងករណីឆ្លងជាង ៩០,០០០ ករណី ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ channelnewsasia