(អ៊ុយហ្គាន់ដា)៖ ប្រធានាធិបតី នៃប្រទេសអ៊ុយហ្គាន់ដា បានចេញច្បាប់ថ្មីមួយ បញ្ជាដល់តុលាការ ត្រូវតែចាប់ខ្លួនឪពុកម្តាយក្មេងដាក់គុក ក្នុងករណីបើពួកគេ មិនព្រមយកកូនតូចៗរបស់ខ្លួន ទៅចាក់ថ្នាំបង្ការរោគ។
លោកប្រធានាធិបតី Yoweri Museveni និយាយថា ករណីឪពុកម្តាយណា មិនយកកូនទៅចាក់ថ្នាំបង្ការរោគទេនោះ នឹងប្រឈមការជាប់គុករយៈពេល៦ខែ ហើយច្បាប់ថ្មីដ៏កម្រនេះ នឹងតម្រូវឲ្យសាលារៀនទាំងអស់ កុំទទួលយកកូនសិស្ស ដែលមិនមានកាតចាក់ថ្នាំបង្ការរោគទៀតផង។
រដ្ឋមន្ត្រីសុខាភិបាល ប្រទេសនេះនិយាយថា ច្បាប់ដែលដាក់ចេញនេះ នឹងធានាបានថាឪពុកម្តាយគ្រប់រូប នឹងនាំយកកូនតូចៗ ទៅចាក់ថ្នាំបង្ការរោគផ្សេងៗ ដោយមិនកន្តើយឡើយ ប៉ុន្តែសមាជិកអ្នកកាន់សាសនាខ្លះ ដែលបដិសេធមិនយកកូន ទៅចាក់ថ្នាំបង្ការ កំពុងតែប្រឈមនឹងការកាត់ទោស ដាក់ពន្ធនាគារផងដែរ។ រដ្ឋាភិបាលចេញច្បាប់ថ្មីនេះ ក្រោយពីផ្ទុះជំងឺជាច្រើនករណី ដែលគំរាមដល់ជីវិតមនុស្សយ៉ាងខ្លាំង ដូចជារោគឆ្អឹងខ្នង ឬរលាកស្រោមខួរ ហើយភាគច្រើនសុទ្ធតែជាអ្នកកាន់សាសនា ដែលមិនសូវយកកូនទៅចាក់ថ្នាំបង្ការរោគ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី