CamNews

តារា 

ដាញ់ ម៉ូនីកា ទទួលបាន សញ្ជាតិអូស្ត្រាលី

ភ្នំពេញៈ អស់រយៈពេលជិត៤ឆ្នាំ ហើយ ដែលអ្នកនាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តដកខ្លួន ដើរចេញពីសង្វៀនសិល្បៈ ដោយគ្មានការស្តាយស្រណោះ វេចបង្វេច ទៅរស់នៅតាមស្វាមី នៅប្រទេសអូស្ត្រាលី សាងសុភមង្គលយ៉ាងស្ងាត់ស្ងៀម ។ជារឿយៗនាងតែងតែយកបណ្តាញ ទំនាក់ទំនងសង្គម Facebook បង្ហោះរូបរបស់នាង និងគ្រួសារបង្ហាញពីសេចក្តីសុខ ហើយថ្មីៗនេះនាងបានរំលេចសារមួយថា ពេលនេះនាងបានទទួលសិ្នទ្ធ រស់នៅនិង ក្លាយជាពលរដ្ឋពេញសិ្នទ្ធ ក្នុងប្រទេសអូស្ត្រាលីហើយ ។

អតីតតារាសម្តែងស្រី ធ្លាប់មានឈ្មោះល្បីរន្ទឺ និងជាតារាទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា កាលពីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤នេះ នាងបានរំលេចរូបថតជាច្រើន អមដោយការសរសេរសារខ្លី ជាភាសាអង់គ្លេសថា “Finally I got Australian citizenship. I'm really happy” មានន័យថា “នៅទីបញ្ចប់ ខ្ញុំបានទទួលសញ្ជាតិអូស្ត្រាលីហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់” ។ នៅក្នុងរូបថតដែលនាងបានបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម របស់នាងនោះ គឺជារូបដែលនាងបាន ទទួលសញ្ជាតិពីមន្ត្រីអូស្ត្រាលី បន្ទាប់ពីនាងបានចាកចេញ ពីស្រុកកំណើត នៃប្រទេសកម្ពុជា ទៅរស់នៅជាមួយស្វាមី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

គួររំឭកផងដែរថា អតីតតារាសម្តែងល្បីឈ្មោះ ធ្លាប់តែសម្តែងជាតួកំសត់ សម្រក់ទឹកភ្នែក ជោកផែនថ្ពាល់ អ្នកនាង ដាញ់ ម៉ូនីកា បានចូលរោងការ តាមប្រពៃណី ជាមួយស្វាមីជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលី លោក ផុន ប៊ុនថេល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ ដោយពេលនេះនាង ក៏មានកូនជាចំណងដៃ អាពាហ៍ពិពាហ៍ផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news