នាយកដ្ឋានកែប្រែ និងស្ដារនីតិសម្បទារដ្ឋកាលីហ្វូនញ៉ា បានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសចំនួន ៨០០០ នាក់ចេញពីពន្ធនាគារ ដើម្បីបង្ការការរីករាលដាលជំងឺខូវីដ ១៩ នៅក្នុងពន្ធនាគារ ។
CDCR និងអភិបាលរដ្ឋ លោក Gavin Newsom បានព្រមព្រៀង ក្នុងការដោះលែងអ្នកទោស បើទោះបីជាសេចក្ដីសម្រេចរបស់តុលាការថ្លែងថា រដ្ឋកាលីហ្វូនញ៉ាពុំស្ថិតក្រោមកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការដោះលែងអ្នកទោសក្ដី ។ កាលពីលើកមុន CDCR ធ្លាប់ដោះលែងអ្នកទោស ១០,០០០ នាក់ចេញពីពន្ធនាគារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺខូវីដ១៩ ។
ប្រតិកម្មចំពោះព័ត៌មានកាលពីថ្ងៃសុក្រ អ្នកស្រី Anne Irwin នាយកអង្គការ Smart Justice California ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ពលិកម្មចំពោះកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌នៃបទឧក្រិដ្ឋកម្ម បានមានប្រសាសន៍ថា៖ “ ក្រោយពីឃើញផលប៉ះពាល់ដ៏ប្រល័យនៃជំងឺខូវីដ១៩ នៅក្នុងពន្ធនាគារដ៏តាន់តាប់ប្រកបដោយគ្រោះថ្នាក់របស់រដ្ឋកាលីហ្វូនញ៉ានោះ ផែនការរបស់លោកអភិបាល Newsom គឺជាការសម្រេចចិត្ដដ៏ត្រឹមត្រូវ ដើម្បីជួយការពារអាយុជីវិតប្រជាជន ដែលរស់នៅ និងធ្វើការខាងក្នុងពន្ធនាគារ និងសហគមន៍ជុំវិញ ។ នៅក្នុងអនុវត្ដវិធានការដ៏សំខាន់នេះ លោកអភិបាលកំពុងអនុវត្ដតាមអនុសាសន៍ជាសកលរបស់វេជ្ជសាស្រ្ដ និងអ្នកជំនាញសុខភាពសាធារណៈ ។
យើងសូមកោតសរសើរលោកអភិបាលចំពោះការបំពេញកិច្ចការសំខាន់ចំនួនពីរនេះ៖ ១. ដកមនុស្ស ដែលងាយរងគ្រោះបំផុត ចេញពីវិថីដ៏គ្រោះថ្នាក់ និង ២. ទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ១៩ នៅក្នុងពន្ធនាគារ និងសហគមន៍ជិតខាង “។
គួរបញ្ជាក់ថា CDCR សង្ឃឹមថា នឹងដោះលែងអ្នកទោស ឱ្យបាននៅចុងខែ សីហា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist