CamNews

ទេសចរណ៍ 

កោះទាំង១០ ដែលមានសម្រស់ស្រស់ស្អាតជាងគេលើពិភពលោក

(ពិភពលោក)៖ នៅលើផែនដីយើងនេះត្រូវបានគេជឿថា មានកោះចំនួនប្រហែលជាង ១០០ពាន់កោះ ដោយក្នុងនោះមានមនុស្សប្រមាណ ១០ភាគរយនៃចំនួនប្រជាជនលើពិភពលោក រស់នៅលើដែនដីកោះទាំងនោះ។ ក្នុងចំណោមនោះ មានកោះចំនួន១០ ដែលមានសម្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរច្រើនបំផុតលើពិភពលោក។ ខាងក្រោមនេះជារបាយការណ៍នៃកោះទាំង១០នោះ៖

1.​ ប្រទេសដីកោះ Maldives
ប្រទេស Maldives ជា ប្រជុំនៃកម្រងកោះដែលស្រស់ស្អាតជាងគេលើពិភពលោក ផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាផ្នែកមួយជម្រុញឲ្យកោះទាំងនេះកាន់តែលេចឡើង។ Maldives ជាប្រជុំកោះដែលប្រមូលផ្តុំដោយកោះផ្កាថ្មធម្មជាតិចំនួន២៦ និងមានផ្ទៃដីទាបជាងគេបំផុតនៅលើពិភពលោកនេះ ដោយនៅត្រង់ចំណុចខ្ពស់បំផុត ផ្ទៃដីមានកម្ពស់មិនខ្ពស់ជាង ៣ម៉ែត្រឡើយពីនីវ៉ូសមុទ្រ។ នៅពីក្រោមផ្ទៃទឹកដ៏ស្រស់ស្អាត សម្បូរទៅដោយផ្កាថ្មដុះប៉ប្រះទឹក ដែលបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកកំសាន្តនៅទីនេះ។

2. កោះ Bora Bora របស់ប្រទេស French Polynesia
កោះដ៏ស្រស់ស្អាតនេះ មានសណ្ឋានដូចជាមួយ sombrero ដ៏ធំមួយ កោះដែលអតីតជាភ្នំភ្លើងមួយនេះស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វីក។ អ្វីដែលជាភាពអស្ចារ្យរបស់កោះតំបន់ត្រូពិចនេះគឺ បឹងទឹកប្រៃដ៏ស្រស់ស្អាត ជាមួយនឹងពណ៌បៃតងឆ្លុះ។ នៅទីនេះអ្នកអាចឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែលហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាត។ ភ្ញៀវទេសចរណ៍ដែលនិយមមុជទឹក និងជិះក្តារស្គី ពិតជាអាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹក។ ប្រសិនបើអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះ ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លា។

3. កោះ Palawan ប្រទេស ហ្វីលីពីន
កោះ Palawan នេះជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ ខេត្តដីកោះនេះ លាតសន្ធឹងលើតំបន់ភាគនារតីទៅកាន់កោះ Borneo ជាមួយនឹងថ្មបាយក្រៀមផុសឡើងចេញពីផ្ទៃសមុទ្រ។ ពីលើកោះនេះ អ្នកអាចឃើញសកម្មភាពរបស់ពួកមច្ឆាហែលទឹកលេងបានយ៉ាងច្បាស់។ អ្វីដែលភាពទាក់ទាញបំផុតរបស់កោះ Palawan នេះគឺសួនឧទ្យានជាតិ Puerto Princesa Subterranean River ដែលត្រូវបានគេដាក់បញ្ជូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

4. ប្រទេសដីកោះ Saychelles
ស្ថិតនៅក្នុងដែនសមុទ្រឥណ្ឌា ទ្វីបអាហ្វ្រិក និងភាគខាងកើតប្រទេសគេនយ៉ា ដែលប្រមូលផ្តុំដោយកោះផ្កាថ្ម និងថ្មកា្រនីតចំនួន ១១៥កោះ។ ដោយសារសម្រស់ស្រស់គ្មានពីរ ពាក់កណ្តាលនៃដែនដីសរុបរបស់ប្រទេសនេះត្រូវស្ថិតនៅក្រោមការការពារ។ កោះភាគច្រើនរបស់ប្រទេសនេះ លាតសន្ធឹងលើតំបន់ដែលសំបូរដោយធនធានត្រី និងផ្តល់នូវភាពល្អឥតខ្ជោះសម្រាប់អ្នកនិយមមុជទឹក និងអ្នកជិះក្តារស្គីលើសមុទ្រ។

5. កោះ Santorini ប្រទេស ក្រិច
កោះនេះអតីតជាភ្នំភ្លើងដែលនៅចំកណ្តាលចាក់បំពេញដោយទឹកសមុទ្រ ធ្វើឲ្យវាក្លាយជាកោះ ដែលមានសម្រស់ស្រស់ស្អាតបំផុត។ ភូមិគ្រិះពណ៌សជាច្រើន ត្រូវបានកសាងឡើងនៅតាមជម្រាលនៃភ្នំភ្លើងមួយនេះ។ មិនតែប៉ុណ្ណោះអគារនៃព្រះវិហារគ្រឹស្តសាសនា ដែលមានដំបូលពណ៌ខៀវស្រងាត់ ត្រូវបានកសាងឡើងឆ្លុះនឹងផ្ទៃទឹកសមុទ្រ។ អ្វីដែលជាចំណុចពិសេសរបស់កោះនេះ គឺទីតាំងបុរាណវិទ្យា Akrotiri និងតំបន់បុរាណ Thira រួមជាមួយឆ្នេរខ្សាច់ពណ៌ខ្មៅ Perissa និងទិដ្ឋភាពថ្ងៃលិចជាដើម។ ដំណើរកំសាន្តដោយការជិះទូកទៅកាន់កោះអតីតជាភ្នំភ្លើងមួយនេះ ដែលព័ទ្ធជុំវិញដោយច្រាំងថ្មខ្ពស់ផុសចេញពីសមុទ្រ ជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន និងមិនធ្លាប់មានពីមុនមក។

6. ប្រទេសដីកោះ Cook 
ប្រសិនបើលោកអ្នកធ្លាប់មានក្តីស្រមៃ ចង់បណ្តែតតាមទឹកសមុទ្រទៅកាន់កោះដ៏ស្រស់ស្អាតណាមួយ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិកនោះ ប្រទេសដីកោះ Cook ជាកន្លែងដ៏សាកសមបំផុតសម្រាប់អ្នក។ កោះនេះស្ថិតនៅតាមបណ្តោយនៃប្រទេសដីកោះ French Polynesia និងកោះ Samoa ដោយកៀកទៅនឹងប្រទេសញ៉ូវហ្សេឡែន វាជាតំបន់បុរាណវិទ្យាដែលមានប្រមាណជា ១៥កោះ មានភាពល្បីល្បាញដោយសារភាពទាក់ទាញ ដោយសារមានផ្ទៃទឹកព័ទ្ធជុំវិញបឹងពណ៌ខៀវស្រងាត់ រួមជាមួយឆ្នេរយ៉ាងស្រស់ស្អាតនៅតាមមាត់សមុទ្រ និងអតីតភ្នំភ្លើង។

7. កោះ Bali ប្រទេស ឥណ្ឌូនេស៊ី
កោះ Bali មានភាពល្បីល្បាញដោយសារវាជាភ្នំភ្លើងគ្របដណ្តប់ដោយព្រៃឈើ វាលស្រែធ្វើលើភ្នំ ឆ្នេរសមុទ្រ និងផ្កាថ្មប៉ប្រះទឹក។ កោះនេះជាបណ្តុំនៃទីតាំងសាសនា ដែលមានដូចជាវិហារ Uluwatu ដែលស្ថិតនៅចំណោទកោះជាដើម។ ទីក្រុង Kuta ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៅភាគខាងត្បូងនៃកោះ Bali សម្បូរដោយក្លឹបរាត្រី ចំណែកក្រុង Seminyak Sanur និង Nusa Dua ជារមណីយដ្ឋានដ៏ពេញនិយមមួយ។ កោះនេះក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងហាត់ Yoga និងកន្លែងសង្រួមផ្លូវចិត្តផងដែរ។

8. កោះ Dalmatian ប្រទេសក្រូអាត
Dalmatian ជាកោះមួយក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រផ្សេងទៀតនៃប្រទេសក្រូអាត។ វាបណ្តុំដែលចម្រុះគ្នាដោយកន្លែងទាក់ទាញ លំហែកាយ និងសម្បូរបែប។ ភូមិគ្រឹះ និងសណ្ឋាគារ ព្រមទាំងភោជនីយដ្ឋាននានាប្រមូលផ្តុំលើកោះដ៏ស្រស់ឆើតឆាយមួយនេះ ព្រមទាំងព័ទ្ធជុំវិញដោយសមុទ្រ។

9. ប្រទេសដីកោះ Fiji
ប្រទេសដីកោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង៣០០។ ភាពល្បីល្បាញនៃកោះនេះ បានដោយទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឆ្វង់។ កោះធំៗនៃប្រទេសដីកោះ Fijiនេះ គឺកោះ Viti Levo និងកោះ Vanua Levu ដែលមានចំនួនប្រជាពលរដ្ឋរស់នៅច្រើនជាងគេ ដោយសារកោះ Viti levu ជារដ្ឋធានី និងកោះ Suva ជាទីក្រុងកំពង់ផែ ដែលប្រមូលផ្តុំដោយស្ថាបត្យកម្មជាច្រើនបន្សល់ទុកពីសម័យអាណានិគមអង់គ្លេស។

10. កោះ Kauaʻi សហរដ្ឋអាមេរិក
កោះនេះត្រូវបានគេហៅម្យ៉ាងទៀតថា កោះសួនច្បា ហេតុផលដោយសារវាគ្របដណ្តប់ដោយព្រៃខៀវស្រងាត់ស្ទើរពេញផ្ទៃកោះតែម្តង ព្រមទាំងទឹកជ្រោះធ្លាក់ចេញពីជ្រលងភ្នំភ្លើង។ សម្រស់នៃកោះនេះមិនត្រឹមតែបានមកពីពពួករុក្ខជាតិ និងទឹកភ្លៀងប៉ុណ្ណោះទេ តែក៏ដោយសារឆ្នេរដ៏អស្ចារ្យ ដែលមានសម្រស់ស្អាតបំផុត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: us