(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) បានដាក់ពង្រាយបន្ថែមនូវពលទាហានរួមជាមួយ និងបរិក្ខាយោធាជាច្រើនផ្សេងទៀត ទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបភាគកណ្តាល និងខាងកើតក៏ដូចជាប្រទេសនៅតំបន់បាល់ទិច (Baltic) ដោយលើកយកបញ្ហាសន្តិសុខធ្វើជាហេតុផល ប៉ុន្តែការបង្កើនកម្លាំងយោធាទ្រង់ទ្រាយធំបែបនេះមិនធ្លាប់មាននៅតាមតំបន់ទាំងនោះឡើយ គឺមិនមែនសំដៅការពារព្រំដែនសហភាពអឺរ៉ុបនោះឡើយ។ នេះបើតាមសម្តីរបស់អ្នកជំនាញមួយរូប ដែលបានដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
លោកសាស្រ្តាចារ្យ Janusz Niedzwiedzki នាយកសាកលវិទ្យាល័យបច្ចេកវិទ្យា Warsaw បានប្រាប់សារព័ត៌មាន Sputnik យ៉ាងដូច្នេះថា «សូមមានភាពស្មោះត្រង់! វាមិនមែនអំពីការការពារព្រំប្រទល់ភាគខាងកើតរបស់សហភាពអឺរ៉ុប ឬមួយក៏អង្គការ NATO នោះឡើយ ទោះបីជាអ្នកហៅវាជាអ្វីក៏ដោយ… ធាតុពិតនេះគឺជាការដាក់ពង្រាយថ្មីមួយបន្ថែមទៀតនូវកងទ័ព និងបរិក្ខាយោធាទៅជិតព្រំដែនប្រទេសរុស្ស៉ី»។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនកងទ័ពអាមេរិកប្រហែល ៤,០០០នាក់រួមជាមួយរថពាសដែករាប់រយគ្រឿង និងរថក្រោះជាង ៨០គ្រឿងទៀត ត្រូវបានបញ្ជូនទៅដល់ប្រទេសអាល្លឺម៉ង់ ហើយដឹកជញ្ជូនទៅកាន់ប៉ូឡូញ ដើម្បីដាក់ពង្រាយបន្តនៅតាមតំបន់អឺរ៉ុបខាងកើត ក្នុងនាមជាផ្នែកនៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវបានបង្កើតឡើងដើម្បីសំដៅធានា ប្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុបថា សហរដ្ឋអាមេរិកមានការប្តេជ្ញាយ៉ាងមុះមុតដើម្បីការពារពួកគេពីទីក្រុងម៉ូស្គូ ទោះបីជារុស្ស៉ីបានបដិសេធជាដដែលៗថា ខ្លួនមិនបង្កការគំរាមកំហែងណាមួយដល់អ្នកជិតខាង ឬមួយក៏ប្រជាជាតិណាមួយនៅលើពិភពលោកនោះឡើយ។
រំលឹកកាលពីដើមសប្តាហ៍នេះ កងម៉ារីនរបស់សហរដ្ឋអាមេរិកប្រមាណ ៣០០នាក់បានធ្វើដំណើរមកដល់ប្រទេសន័រវេស និងបន្តរក្សាវត្តមាននៅទីនោះក្នុងរយៈពេលរហូតដល់ ០៦ខែ ខណៈដែលការចល័តបែបនេះ គឺជាលើកទីមួយហើយចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក ដែលកងកម្លាំងយោធាបរទេសត្រូវបានអនុញ្ញាតឲ្យឈរជើងនៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជាការរុកគួនប្រទេសរុស្ស៊ីដែលជាអ្នកជិតខាងរបស់ន័រវេសផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
កងម៉ារីនខាងលើដែលធ្វើដំណើរមកពីមូលដ្ឋានទ័ព Camp Lejeune ក្នុងរដ្ឋ North Carolina បានមកដល់អាកាសយានដ្ឋាន Vaernes ដែលគ្របដណ្តប់ទៅដោយព្រិលទឹកកកនៅក្បែរទីក្រុងដ៏ធំទីបី Trondheim របស់ប្រទេសន័រវេសដែលជាកន្លែងមានសីតុណ្ហភាពដ៏ត្រជាក់បំផុត។ កងកម្លាំងរបស់សហរដ្ឋអាមេរិកនឹងបន្តស្ថិតនៅប្រទេសន័រវេសសម្រាប់រយៈពេលមួយឆ្នាំ ជាមួយនឹងក្រុមម៉ារីនថ្មីដែលនឹងមកជំនួសកងម៉ារីនប្រហែល៣០០នាក់នេះ ដែលត្រូវត្រឡប់ទៅមាតុភូមិវិញនៅ ០៦ខែក្រោយ ហើយពួកគេនឹងស្នាក់នៅមូលដ្ឋានយោធា Vaernes ស្ថិតនៅចម្ងាយប្រមាណ១,៥០០គីឡូម៉ែត្រ ពីព្រំប្រទល់ប្រទេសរុស្ស៊ី ដើម្បីសិក្សាអំពីយុទ្ធសាស្រ្តធ្វើសង្រ្គាមនារដូវត្រជាក់។
អ្នកនាំពាក្យយោធាន័រវេសបានបញ្ជាក់ថា ប្រតិបត្តិការខាងលើ និងការព្រួយបារម្ភរបស់អង្គការ NATO ចំពោះប្រទេសរុស្ស៊ីគឺមិនពាក់ព័ន្ធគ្នាឡើយ ក៏ប៉ុន្តែការបញ្ចូនកងម៉ារីនប្រមាណ ៣០០នាក់នេះត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបញ្ចូនទ័ពជាច្រើនពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីបង្កើនសាច់ដុំបណ្តាសម្ព័ន្ធមិត្តរបស់ ខ្លួននៅអឺរ៉ុបខាងកើត ដែលកំពុងព្រួយបារម្ភអំពីសកម្មភាពរបស់ទីក្រុងម៉ូស្គូ៕
ប្រភព ៖ Sputnik