CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារភារវកម្ម, បើករថយន្ត បំបុកមនុស្ស លើស្ពាន សម្លាប់ ៤នាក់ ទាំងថ្ងៃត្រង់

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិត ខណៈតិចបំផុត ៤០នាក់ផ្សេងទៀត បាន ទទួលរងរបួសធ្ងន់ និងស្រាល ក្រោយពីមានការវាយប្រហារភារវកម្ម ពីសំណាក់ជនដៃដល់មួយរូប តាមរយៈការបើករថយន្ត បំបុកក្រុមអ្នកថ្មើរជើង ក៏ដូចជា ចាក់សម្លាប់ប៉ូលីសមួយរូប មុននឹងត្រូវ ភ្នាក់ងារប៉ូលីសបាញ់សម្លាប់ជនដៃដល់រូបនេះ នៅបរិវេណសំណង់អាគារ សភាពអង់គ្លេស ។ 



មន្រ្តីប៉ូលីសដែលត្រូវបានជនដៃដល់ ចាក់សម្លាប់នោះ មានឈ្មោះថា PC Keith Palmer វ័យ ៤៨ ឆ្នាំ មានប្រពន្ធនិងកូននៅក្នុងបន្ទុក។ ដោយឡែក សមាជិកសភាពអង់គ្លេស Theresa May គូសបញ្ជាក់អោយដឹងថា ការវាយប្រហារលើកនេះ គឺអាក្រក់ខ្លាំងណាស់​ ដែលវាជាការប៉ះពាល់មួយ ទៅលើគុណតម្លៃនៃសេរី ភាពលទ្ធិភាពប្រជាធិបតេយ្យ និងការបញ្ចេញមតិ ។ គួររំឮកថា អត្តសញ្ញាណជន ដៃដល់ដែលត្រូវប៉ូលីសបាញ់សម្លាប់នោះ ពុំទាន់ត្រូវបានបញ្ជាក់នោះទេ​ ។ 


លោក Mark Rowley ដែលជាស្នងការរង និងជាប្រធានប្រឆាំងការវាយប្រហារភារវកម្ម នៅក្នុងទីក្រុងនោះ អោយដឹងថា ពួកគេ (សមាជិកសភាប្រទេសអង់គ្លេស) ដឹងថាជនដៃដល់ជាអ្នកនរណា ហើយដឹងថាគាត់ត្រូវបានជម្រុញដោយ ភ្នាក់ងារអន្តរជាតិមានទំនាក់ទំនងជាមួយនឹង រដ្ឋអ៊ីស្លាម ប៉ុន្តែពួកគេ (សមាជិកសភាប្រទេសអង់គ្លេស) មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ។ 



គួរបញ្ជាក់ថា ហេតុការណ៍វាយប្រហារភារវកម្មមួយនេះ បានកើតឡើង នៅវេលាម៉ោង ២ និង ៤០ នាទីរសៀល ថ្ងៃពុធ (ម៉ោងក្នុងស្រុកប្រទេសអង់គ្លេស) ដោយជនដៃដល់ បានបើករថយន្តបំបុកក្រុម អ្នកថ្មើរជើងនៅលើស្ពាន Westminster ដែលមានទីតាំងនៅជិតសភាប្រទេស អង់គ្លេស Houses of Parliament ភាគកណ្តាល ទីក្រុងឡុងដ៍ ឈានទៅសម្លាប់មនុស្ស ៤នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស ។ បន្ទាប់មករថយន្ត បានបើកបុកទៅនឹងរបង សភាអង់គ្លេស ដែលនៅទីនោះផ្ទាល់ ជនដៃ ដល់បានបន្តវាយប្រហារចាក់សម្លាប់មន្រ្តីប៉ូលីសម្នាក់ នៅពេលដែលចេញមុខមកអន្តរាគមន៍ ខណៈ បន្តិចក្រោយមក ជនដៃដល់ ត្រូវបានប៉ូលីសមួយរូបផ្សេងទៀត បាញ់ស្លាប់នៅនឹងកន្លែង ៕



 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: US South Korea Japan Int news Hot news