ព័ត៌មានអន្តរជាតិ ៖ កុំព្យូទ័រយូរដៃ ពីភ្នាក់ងារសេវារក្សាការសម្ងាត់ សហរដ្ឋអាមេរិក ឬ A US Secret Service laptop ដែលមានគម្រោងផែនការនៃសំណង់អាគារ Trump Tower រួមនឹងសម្ភារៈសំខាន់ៗ មួយចំនួនផ្សេងទៀត ត្រូវបានចោរលួចចេញពីរថយន្តភ្នាក់ងារ ខាងលើ នៅកណ្តាលទីក្រុង New York សហរដ្ឋអាមេរិក ។
ប្រភពពី The Secret Service អោយដឹងថា កុំព្យូទ័រយួរដៃ ដែលត្រូវបានឧក្រិដ្ឋជនលួចខាងលើនោះ ត្រូវបានការពារដោយ encryption ខណៈពុំមានផ្ទុកព័ត៌មានសម្ងាត់អ្វីនោះទេ តែកុំព្យូទ័រមួយ គ្រឿងនោះ គឺបានផ្ទុកនូវព័ត៌មានលម្អិតស្តីពីការស៊ើបអង្កេត បទល្មើលឧក្រិដ្ឋ របស់អតីតបេក្ខភាព ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក មកពីគណបក្ស ប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton ពាក់ព័ន្ធនឹងការប្រើប្រាស់ email server ឯកជន នេះបើយោងប្រភពពី ABC News ។ យ៉ាង ណាក៏ដោយចុះ អាជ្ញាធរមានសមត្ថកិច្ច កំពុងតែស៊ើបអង្កេត តាមរយៈប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព ដើម្បីឈានទៅកំណត់អត្តសញ្ញាណជនជាប់ចោទ ។
ភ្នាក់ងារ សេវារក្សាការសម្ងាត់សហរដ្ឋអាមេរិក (The Secret Service) ចេញសេចក្តីថ្លែងការណ៍ឲ្យ ដឹងថា បុគ្គលិកនៃភ្នាក់ងាររបស់ខ្លួន គឺជាជនរងគ្រោះ នៃបទល្មើសឧក្រិដ្ឋលើកនេះ ខណៈពេលដែល កុំុព្យូទ័រយួរដៃរបស់ភ្នាក់ងារ ត្រូវបានចោរលួច ។ ប្រភពដដែលពី The Secret Service ឲ្យដឹងថា កុំព្យូទ័រមានការរក្សាសុវត្ថិភាពកម្រិតខ្ពស់ ក្នុងនោះ មាន full disk encryption ជាដើម ។ គួរបញ្ជាក់ថា Trump Tower គឺជាអាគារការិយាល័យ និង Residential កំពស់ ៥៨ ជាន់ដែលត្រូវ បើកសម្ភោធជាផ្លូវការ កាលពី ៣៣ឆ្នាំមុន នៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ១៩៨៣ ខណៈម្ចាស់អាគារនេះផ្ទាល់តែម្តងនោះគឺ ប្រធានាធិបតីសហរដ្ឋអាមេរិក ទើបជាប់ឆ្នោត លោក Donald Trump ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី