ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការិនីដ៏ស្រស់ស្អាតមានប្រជាប្រិយភាព ដែលបានក្លាយជាមនុស្ស
ស្រីពេញលក្ខណៈ កញ្ញា ប៉ុបពី បានប្រាប់ឱ្យដឹងថា ចាប់តាំងពីនាងកាត់ផ្តាច់ចំណងស្នេហ៍ ជាមួយ
បុរសវ័យក្មេងម្នាក់មក រហូតមកដល់ពេលបច្ចុប្បន្ននេះបេះដូងរបស់នាង គឺនៅទំនេរគ្មានជាប់ពាក់
ព័ន្ធ ជាមួយបុរសណាម្នាក់ទៀតឡើយ។
ជួបសំណេះសំណាលជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីថ្ងៃទី២១ ខែ
សីហា ឆ្នាំ២០១៣នេះកញ្ញា ប៉ុប ពី បានប្រាប់ឱ្យដឹងថា ចំពោះការងារសិល្បៈរបស់នាង មួយរយៈ
នេះ ហាក់ដូចជាស្ងប់ស្ងាត់ជាងពេលមុនបន្តិច។ ចំណែកឯរឿងជីវិតសេ្នហាឯកជនផ្ទាល់ខ្លួនវិញ គឺ
នាងកំពុងតែចាប់ផ្តើមគិត ពីការសាងជីវិតជាថ្មី ខណៈដែលរាល់ថ្ងៃនេះ កំពុងតែមានបុរសៗជាច្រើន តាមចោមរោមទាក់ទងសុំសេចក្តីស្រឡាញ់ពីនាង។
តារាសម្តែងកញ្ញា ប៉ុបពី បាននិយាយបន្តថា បើនិយាយពីអ្នកដែលតាមស្រឡាញ់ ចង់បាននាងធ្វើ
ជាសង្សា គឺមានច្រើនដោយក្នុងនោះមានទាំង និស្សិត អ្នកធ្វើការងារ តាមក្រុមហ៊ុន ព្រមទាំងអ្នក
សិល្បៈដូចគ្នាផងដែរ។ ប៉ុន្តែមួយរយៈមុននេះនាងតែងតែឆ្លើយបដិសេធ ចំពោះការសុំស្រឡាញ់ ពី
សំណាក់បុរសៗទាំងនោះ ព្រោះកាលនោះនាងកំពុងតែ នៅសង្ងំថែរក្សាស្រស់ និង សម្រកទម្ងន់។
កញ្ញា ប៉ុបពី ក៏បានបញ្ជាក់ទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកដែលស្រឡាញ់នាង ក៏នៅតែ
មានច្រើន គ្រាន់តែថា សម្រាប់អ្នកស្មោះ នៅមិនទាន់រកឃើញទេ។ ដូច្នេះហើយទើបធ្វើឱ្យនាង នៅ
មានការរារែកចិត្ត មិនទាន់ហ៊ានសម្រេចក្នុងចិត្ត ឆ្លើយទទួលយកការស្រឡាញ់ ពីបុរសណាម្នាក់
នោះទេ។ ម្យ៉ាងទៀតអ្វីដែលធ្វើឱ្យនាងខ្លាចជាងនេះ ទៅទៀត គឺខ្លាចគេក្បត់ចិត្ត និងបោកយកទ្រព្យ
សម្បត្តិ។
ទោះបីជាយ៉ាងណាក្តី តារាដ៏ស្រស់ស្អាតជាប់លំដាប់ថ្នាក់ កញ្ញា ប៉ុបពី បានឱ្យដឹងទៀតថា ឥឡូវនេះ
នាងកំពុងតែបើកចំហទ្វារបេះដូង ដើម្បីរងចាំទទួលស្នេហ៍ថ្មីមកជំនួសភាពឯកា ផ្ដល់ភាពកក់ក្តៅក្នុង
ទ្រូង។ ម្យ៉ាងទៀត អ្វីដែលសំខាន់បំផុតនោះគឺនាងចង់ប្រាប់ថា សម្រាប់បុរសដែលនាង នឹងជ្រើស
រើសធ្វើជាដៃគូ ទាល់តែបុរសនោះស្រឡាញ់និង ស្មោះត្រង់ជាមួយទើបនាងប្រគល់ ការស្រឡាញ់
ទៅឱ្យទាំងស្រុងតែម្តង។
មុននេះកញ្ញា ប៉ុប ពី ធ្លាប់សាងស្នេហ៍ជាមួយបុរសវ័យក្មេងម្នាក់រួចមកហើយ ។ ប៉ុន្តែដោយសារតែ
ការមិនចុះសម្រុងនឹងគ្នា ទើបក្រោយមកធ្វើឱ្យ ចំណងស្នេហ៍រវាងអ្នកទាំងពីរ បានបែកប្រេះឆាទៅ
វិញ គួរឲ្យសោកស្ដាយបំផុត៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល