CamNews

ព័ត៌មានអន្តរជាតិ 

លោកត្រាំ ចុះហត្ថលេខាលើបទបញ្ជា ដែលបង្គាប់ភ្នាក់ងារអាមេរិកអោយវាយតម្លៃចំពោះហានិភ័យនៃដ្រូន ដែលបង្កើតដោយច

ប្រធានាធិបតីជិតផុតអាណត្ដិរបស់អាមេរិកលោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្ដិ ដែលបង្គាប់ឱ្យក្រសួងការបរទេស និងភ្នាក់ងារនានារបស់អាមេរិក ត្រូវវាយតម្លៃពីហានិភ័យផ្នែកសន្ដិសុខពីដ្រូន ដែលបង្កើតឡើងដោយបច្ចាមិត្ដបរទេស និងត្រូវកម្ចាត់វាចោលមុនគេ ។



លោក ត្រាំបានថ្លែងថា វិធានការបន្ថែម ចាំបាច់ត្រូវតែអនុវត្ដដើម្បីធានានូវសន្ដិសុខនៃប្រព័ន្ធចាប់យន្ដហោះស្វ័យប្រវត្ដិ (Aircraft Systems (UAS)) ដែលកាន់កាប់ដោយរដ្ឋាភិបាលអាមេរិក និងដើម្បីធានានូវសុវត្ថិភាពដល់បូរណភាពនៃហេដ្ឋារចនាសម្ព័ន្ធអាមេរិក ។

ដោយសារតែប្រតិបត្ដិការរដ្ឋាភិបាលអាមេរិក ប្រើប្រព័ន្ធ UAS ពាក់ព័ន្ធនឹងការប្រមូលទិន្ន័យ ដែលអាចលេចធ្លាយនូវព័ត៌មានសម្ងាត់នោះ ទើបការប្រើប្រាស់ប្រព័ន្ធ  UAS ដែលផលិតដោយបណ្ដាប្រទេសបច្ចាមិត្ដ នាំឱ្យប្រទេសបច្ចាមិត្ដបរទេស អាចចូលគ្រប់គ្រងព័ត៌មានទាំងនោះ ។ សម​ត្ថភាពរបស់ជាតិក្នុងការផលិតប្រព័ន្ធ UAS គឺជារឿងសំខាន់ សម្រាប់កិច្ចការពារជាតិ ។

បទបញ្ជានោះ អោយនិយមន័យ “ ប្រទេសបច្ចាមិត្ដ” ក្នុងន័យសំដៅទៅលើ សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ សាធារណរដ្ឋប្រជាមានិតចិន សហព័ន្ធរុស្ស៊ី ឬរដ្ឋបរទេសណាមួយ តំបន់បរទេស ឬអង្គភាពបរទេសក្រៅរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធនឹងគំរូយូរអង្វែង និងធ្ងន់ធ្ងរនៃទង្វើប្រឆាំងនឹងសន្ដិសុខសេដ្ឋកិច្ច និងជាតិអាមេរិក ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist