(ញូដេលី)៖ យុវវ័យឈាមរាវ០៧នាក់ បានលង់ទឹកស្លាប់ក្នុងទន្លេ Ganga ប្រទេសឥណ្ឌា ក្រោយពីពួកគេព្យាយាម បង្កើតស្នាដៃនៃការថតរូប Selfie តាមបែបផ្សងព្រេងនឹងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។
ហេតុការណ៍ដ៏អកុសល្យខាងលើនេះ បានកើតឡើងនៅស្រុក Kapur ដែលមានចម្ងាយ ៨៩គីឡូម៉ែត្រពីទីក្រុង Lucknow របស់រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា «ក្មេងទាំង ០៧នាក់ ខាងលើនេះបានទៅមុជទឹក ក្នុងដងទន្លេ Ganga ហើយម្នាក់ក្នុងចំណោមពួកគេនោះ បានទាញទូរស័ព្ទដៃ មកថតរូប ជុំគ្នា នៅម្តុំទឹកទន្លេដែលកំពុងហូរខ្លាំង បដោយមិនបានប្រយ័ត្នទើបពួកគេត្រូវបានទឹកទន្លេគួចយកទៅ បណ្តាលឲ្យលង់ ស្លាប់ទាំងអស់គ្នាតែម្តង»។
គួរបញ្ជាក់ថា ដោយសារមានការធ្វេសប្រហែស និងចូលចិត្តថតរូប Selfie បែបប្រថុយគ្រោះថ្នាក់ ពីសំណាក់យុវវ័យ កើនឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌានោះ អាជ្ញាធរទីក្រុងម៉ុមបៃ បានដាក់តំបន់គ្រោះថ្នាក់ចំនួន ១៦ ទៅក្នុងការហាមឃាត់ មិនឲ្យមានការ ថតរូប Selfie៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី