ភ្នំពេញៈ ក្រោយពីតារាសម្តែង ស្រស់ស្អាត បែបយុវវ័យសម័យថ្មី កញ្ញា ឆាយ ស្រីពេជ្រ បានបង្ហើបពី គម្រោងត្រៀមរៀបការ ជាមួយ បុរសអាណិកជនខ្មែរ រស់នៅ ក្រៅប្រទេស ដែលមានជំនាញ ជាវេជ្ជបណ្ឌិត វ័យជាងជាង៤០ឆ្នាំ រួចមក មិនបានប៉ុន្មានផង ស្រាប់តែតារា ស្រីរូបនេះបានសម្ញែង ពីភាពហ៊ឺហារស៊ីវិល័យ រស់នៅលើ វីឡាទំនើប តម្លៃរាប់សិបម៉ឺនដុល្លារ បង្អួតមិត្តភក្តិពេញ បណ្ដាញសង្គម Facebook។
រូបថតជាច្រើនសន្លឹក ត្រូវបានតារាសម្តែង ក្នុងរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” កញ្ញា ឆាយ ស្រី ពេជ្រ បង្ហោះពាសពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ដោយនៅក្នុងរូបនោះ នាងបានបង្ហាញពី ភាពសប្បាយរីករាយ ពត់ពែនខ្លួន នៅលើគ្រែ ដែលមានពូកទន់ល្មើយ បូករួមជាមួយ រូបសម្រស់ស្រស់ស្អាត របស់នាង ហាក់បីដូចជា ឋានសួគ៌ាថ្មីមួយ សម្រាប់ជីវិត ជាតារាសម្ដែង ដូចជារូបនាង ។ ការបង្ហាញពីតុញុំាអាហារ ដែលមានការរៀបចំ ជាមួយសម្ភារៈ យ៉ាងស៊ីវិល័យ ទំនើប ខុសប្លែកៗពីមុន ដែលនាង មិនដែលបង្ហាញពី ការរស់នៅបែបនេះទេ ។
ទាក់ទងនឹង ការបង្ហាញនេះ ត្រូវអ្នកដែល បានឃើញរូបថត នាងបង្ហោះនោះ មានការច្រណែន ចំពោះនាង និងគិតថា ឆាយ ស្រីពេជ្រ ជាតារាមិនត្រឹមតែ មានវាសនាខ្ពស់ កប់ពពក ដោយសារតែរូបសម្រស់ ស្រស់ស្អាតនោះទេ ថែមទាំងមានវីឡា តម្លៃរាប់ម៉ឺនដុល្លារ រស់នៅយ៉ាងហ៊ឺហារ ខុសពីអ្នកសិល្បៈ ស្របាលៗនាង ។ តាមរយៈការបង្អួត ពីការរស់នៅទំនើបនេះ ត្រូវបានមជ្ឈដ្ឋាន អ្នកតាមដាន និងគាំទ្រនាងបាន លើកឡើង ស្រដៀងគ្នាថា ការផ្លាស់ប្តូរពីការ រស់នៅក្នុងផ្ទះល្វែង មករស់នៅក្នុងវីឡា ស្កឹមស្កៃបែបនេះ ទំនងជាអនាគតស្វាមី របស់នាង ជាអ្នកចំណាយទុន ទិញឲ្យនាង និងក្រុមគ្រួសាររស់នៅ មុនពេលសម្លេង ភ្លេងការមកដល់។
គួរបញ្ជាក់ថា នាពេលកន្លងមក កញ្ញា ឆាយ ស្រីពេជ្រ ធ្លាប់បានបង្ហើបឲ្យដឹងថា នាងត្រូវម្តាយ បង្ខំឲ្យរៀបការ ជាមួយអាណិកជនខ្មែររស់នៅ អាមេរិក អាចនៅ ក្នុងអំឡុង ពេលក្រោយបុណ្យ ចូលឆ្នាំខ្មែរ ឬក៏នៅក្នុងខែវិច្ឆិកាខាងមុខនេះ ទាំងមិនដាច់អាល័យពីសិល្បៈ ហើយក្រោយពីនាងរៀបការរួច នាងត្រូវបាយបាយពី សិល្បៈ ចេញទៅរស់នៅ ជាមួយអនាគតស្វាមី ឯនាយសមុទ្រទៀតផង ៕