CamNews

គ្រោះថ្នាក់ 

អ្នកចូលចិត្តសត្វឆ្មារគួរប្រុងប្រយ័ត្នឲ្យខ្ពស់! ស្រ្ដីម្នាក់គ្រាន់តែសត្វឆ្មាខាំតែបន្ដិចក៏ស្លាប់បាត់

ក្រសួងសុខាភិបាលជប៉ុន បាននិយាយថា ស្ត្រីជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីឆ្នាំមុន ដោយសារជំងឺឆ្លងពីវីរុសសត្វ(tick-borne disease) ក្រោយពីស្រ្ដីរូបនេះ ត្រូវបានសត្វឆ្មា គ្មានម្ចាស់មួយក្បាលខាំ ហើយដែលក្រុមគ្រូពេទ្យសន្មតថា វាអាចជាការចម្លងរោគពីថនិកសត្វដល់មនុស្សជាលើកដំបូង។

ស្ត្រី ដែលមិនត្រូវបានគេស្គាល់អត្ដសញ្ញាណវ័យ ៥០ ឆ្នាំរូបនេះ បានជួយសង្រ្គោះសត្វឆ្មា ដែលកំពុងឈឺ។ ដប់ថ្ងៃក្រោយមក គាត់បានស្លាប់ដោយសារជំងឺគ្រុនពោះវៀន ដោយមានរោគសញ្ញានៃជំងឺថយចុះប្លាកែតផងដែរ(SFTS)  ដែលនាំមកតាមរយៈស្នាមខាំរបស់សត្វ ។

មន្រ្តីក្រសួងសុខាភិបាលជប៉ុនម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ "រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ ដែលបញ្ជាក់ពីករណីឆ្លងមេរោគពីសត្វទៅមនុស្សនៅឡើយទេ"។

មន្ត្រីរូបនេះបានបន្ថែមថា៖ "ខាងក្រសួងនៅមិនទាន់បានបញ្ជាក់នៅឡើយទេថា វីរុសនោះ បានកើតចេញមកពីសត្វឆ្មា ឬយ៉ាងណានោះទេ ប៉ុន្តែវាអាចទៅរួច ដែលថា វាគឺជាករណីដំបូង ដែលកើតឡើងចំពោះមនុស្ស" ។ SFTS គឺជាជំងឺឆ្លងថ្មីមួយ ដែលផ្ទុះឡើង នៅប្រទេសចិន កូរ៉េ និងជប៉ុន។


រូបតំណាង

វីរុសនៅក្នុងសត្វនេះ ត្រូវបានគេនិយាយថា បង្កឱ្យមានអត្រាមរណភាពរហូតដល់ទៅ ៣០ %ហើយជាពិសេស គឺនៅក្នុងចំណោមមនុស្ស ដែលមានអាយុលើសពី ៥០ ឆ្នាំ។ យោងតាមបណ្តាញព័ត៌មានជប៉ុនបានឱ្យដឹងថា ជំងឺ SFTS បានកើតឡើងជាលើកដំបូង នៅក្នុងប្រទេសនេះ ក្នុងឆ្នាំ ២០១៣ ។

ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន បាននិយាយថា ការស្លាប់របស់ស្រ្ដីរូបនេះ កាលពីឆ្នាំមុន នៅតែជាករណីដ៏កម្រ ប៉ុន្តែករណីនេះ បានក្រើនរំលឹកដល់ប្រជាជនឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលដែលមានទំនាក់ទំនងជាមួយសត្វ ដែលមានស្ថានភាពសុខភាពចុះខ្សោយ។

នៅទូទាំងពិភពលោក ស្នាមខាំពីសត្វ ត្រូវបានផ្សារភ្ជាប់យ៉ាងទូលំទូលាយ ទៅនឹងការចម្លងជំងឺឡែម(Lyme ) ដែលអាចនាំឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិត ប្រសិនបើមិនបានព្យាបាលឱ្យទាន់ពេលវេលា៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: Strange news Chinese Japan