CamNews

ព័ត៌មានជាតិ 

ឆេះយានដ្ឋាន ជួសជុលរថយន្ត មួយកន្លែង នៅទួលគោក ខូចរថយន្ត និងម៉ូតូ ៦គ្រឿង

ភ្នំពេញៈ កាលពីម៉ោងជិត ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ អគ្គិភ័យ បានឆាបឆេះ យានដ្ឋាន ជួសជុលរថយន្ត មួយកន្លែង ស្ថិតក្នុងដីឡូត៍ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បណ្តាលឱ្យរថយន្ត ៤គ្រឿង, ម៉ូតូ ២គ្រឿង និងសម្ភារៈ ជាច្រើនទៀត ត្រូវខូចខាត។

នគរបាលមូលដ្ឋាន មិនទាន់ប្រាប់ ពីមូលហេតុ បណ្តាលឱ្យ មានអគ្គិភ័យនេះ កើតឡើងនៅឡើយទេ ប៉ុន្តែអះអាងថា អគ្គិភ័យនេះ បានធ្វើឱ្យ ខូចខាត សម្ភារៈមួយចំនួន រួមទាំង រថយន្តអស់ចំនួន ៤ គ្រឿង និងម៉ូតូ២គ្រឿង ។

សមត្ថកិច្ច ពន្លត់អគ្គិភ័យ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ បានចេញអន្តរាគមន៍រថយន្ត ៥ គ្រឿង ប្រើប្រាស់អស់ទឹក ៣ គ្រឿង ទើបភ្លើងរលត់ទៅវិញ ក្រោយឆាបឆេះ ប្រមាណកន្លះម៉ោង៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news