CamNews

តារា 

ពេជ្រ ថាណា ចេញ​ពី​សាស្ដា ចូល​ក្នុង​ផលិត​កម្ម Town

(ភ្នំពេញ)៖ វត្តមានតារាចម្រៀង​បែបយុវវ័យ ថ្មីម្នាក់ទៀតហើយ ចូលមកក្នុងផលិតកម្ម ថោន ដែលជាផលិតកម្ម​ថតបទចម្រៀង ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺតារាចម្រៀង ពេជ្រ ថាណា បន្ទាប់ពីតារាចម្រៀងរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ​ពេជ្រ ថាណា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង​លេចធ្លោ ក្នុង​ផលិតកម្ម សាស្ដា ដែលជាទីឋានដំបូង ធ្វើឲ្យមហាជនស្គាល់រូបលោក ។ ប៉ុន្តែពេលនេះ ពេជ្រ ថាណា បានចេញពី សាស្ដា ចូលមកក្នុងផលិតកម្ម ថោន ជាផ្លូវការហើយ។

ប្រភពព័ត៌មាន បានទម្លាយប្រាប់ទៀតថា តាមការពិត តារាចម្រៀងបែបយុវវ័យ ពេជ្រ ថាណា បានចូលមកក្នុងផលិតកម្ម ថោន រយៈពេលជាង២ខែមកហើយ ប៉ុន្តែដំណឹងនេះ មិនត្រូវបានគេទម្លាយចេញទេ ពោលគឺគេចាំឲ្យបទចម្រៀងចេញ ចរាចរលើទីផ្សារសិន ទើបផលិតកម្ម ប្រកាសស្របពេល​ជាមួយគ្នាតែម្ដង។ ប្រភពបន្តថា រហូតមកដល់ពេលនេះ តារាចម្រៀង ពេជ្រ ថាណា បានសំងំថតបទចម្រៀង បានចំនួន៥បទហើយ ដោយមានបទ Oregenal Song ខ្លះ និងបទទំនុងច្រៀងចាស់ខ្លះ ​ហើយមានអ្នកនិពន្ធ ជួន សុជា ជាអ្នកនិពន្ធ​បទឲ្យច្រៀង។

តារាចម្រៀង ពេជ្រ ថាណា មិនបានអល់អែក ឬប្រកែកថា រឿងនេះ មិនពិតនោះទេ ដោយលោកបានទទួលស្គាល់ថា លោកពិតជាសម្រេចចិត្ត ចូលមកក្នុងផលិតកម្ម ថោន ពិតមែន ប៉ុន្តែអ្វីដែលមិនទាន់​ឲ្យមហាជនដឹង​ ជាសាធារណៈនោះ ព្រោះនេះជាគោលការណ៍​​​របស់ក្រុមហ៊ុន ដែលតែងតែចង់ឲ្យអ្នកគាំ​ទ្រភ្ញាក់ផ្អើល។ យ៉ាងណាមិញ ក៏មានអ្នកសិល្បៈមួយចំនួន ក៏គាត់បានដឹង​ពីដំណឹង​ចាកចេញរបស់លោក ពីផលិតកម្មចាស់ ចូលមកក្នុងផលិតកម្ម ថោន ដែរ ដូច្នេះមុន និងក្រោយ​គង់តែរឿងនេះ ត្រូវបានទម្លាយសាធារណៈដដែល។

ពេជ្រ ថាណា និយាយប្រាប់ Khmertalking ថា «បាទបង..! ខ្ញុំបានចូលមកក្នុងផលិតកម្ម ថោន ជាផ្លូវការហើយ ក្នុងនោះខ្ញុំក៏បានថតបទចម្រៀង បានចំនួន៥បទ រួចមកហើយដែរ។ ខ្ញុំចេញមកនេះ គឺពុំមានការអាក់អន់ចិត្តអ្វី ជាមួយនឹងផលិតកម្ម ចាស់នោះទេ គឺគ្រាន់តែខ្ញុំចង់ទទួល​នូវបទពិសោធថ្មីៗ​បន្ថែមទៀត ហើយខ្ញុំរំពឹងថា នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់​មហាជន..!»។

សូមបញ្ជាក់ថា តារាចម្រៀង ពេជ្រ ថាណា ត្រូវបានទស្សនិកជន​ស្គាល់ច្រើន បន្ទាប់ពីលោកបក​ស្រាយចម្រៀង មានសំនៀងស្រដៀង​នឹងតារាចម្រៀង ខេមរៈ សិរីមន្ត ហើយបទដែលទទួលបានការ​គាំទ្រច្រើន មានដូចជាបទ «ម្នាក់នេះជាសង្សារ ម្នាក់នោះជាសង្សារ ចុះបង? , មនុស្សបែកគ្នាហើយ មិនអាចជួបគ្នាវិញទេ, ឈឺចិត្តអ្វីម្ល៉េះ, សង្សារការចោល, គេមានបងក្រ,លួចស្នេហ៍ក្រមុំរោងចក្រ» ព្រមទាំងបទចម្រៀងពីរោះៗជាច្រើនទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pich Thana