(ភ្នំពេញ)៖ គេនៅចាំបានថា កន្លងមកតារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រកាសក្តែងៗថា ខ្លួននឹងត្រូវចាកចេញពីផលិតកម្ម ហង្សមាស បន្ទាប់ពីធ្វើការងារ នៅក្នុងកម្មវិធីប្រឡងចម្រៀង «The voice Cambodia» ចប់រួចរាល់ ព្រោះតែមូលហេតុ មានការអាក់អត់ស្រពន់ចិត្ត នឹងថ្នាក់ដឹកនាំម្នាក់ នាពេលកន្លងមក។ ប៉ុន្តែផ្ទុយពីការអះអាងរបស់នាង នៅពេលថ្មីៗនេះ មានប្រភពចុងក្រោយទម្លាយពីផលិតកម្មបានឲ្យដឹងថា ពេជ្រ សោភា បានប្តូរចិត្តវិញហើយ គឺសម្រេចមិនចាកចេញពីផលិតកម្មហង្សមាស ឡើយ ក្រោយពីម្ចាស់ផលិតកម្ម បានហៅនាងទៅចរចា និងយល់ព្រមតាមសំណើរ របស់នាងមួយចំនួន ដើម្បីសម្របសម្រួលគ្នា បន្តការងារនៅក្នុងផលិតកម្មដ៏ធំមួយនេះ ដដែល។
ជាមួយនឹងការចរចាសម្រួលគ្នា ពីសំណាក់ម្ចាស់ផលិតកម្មលោក អ៊ឹង សុខងួន ដោយសម្រេចឲ្យតារាស្រីនាង ពេជ្រ សោភា បន្តច្រៀងនៅក្នុងផលិតកម្មទៀតនោះ ប្រភពដដែលបានបន្តថា ម្ចាស់ផលិតកម្មហង្សមាស លោក អ៊ឹង សុខងួន ក៏បានបំពេញតាមបំណងចង់បានរបស់ ពេជ្រ សោភា ដោយឲ្យនាងបង្កើតក្រុមដោយខ្លួនឯង និងនិពន្ធបទចម្រៀងថ្មីៗ ដោយខ្លួនឯង ព្រមទាំងសំណើរផ្សេងៗ ជាច្រើនទៀត ដើម្បីឲ្យភាគីទាំងសងខាង អាចទទួលយកបាន និងមានផលប្រយោជន៍ទាំងអស់គ្នា។
តារាស្រីរបស់ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គេហទំព័រ Khmertalking មិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយបានទេ។ ចំណែកខាងភាគីផលិតកម្មហង្សមាស ក៏មិនទាន់អាចស្វែងរកការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។ ដូច្នេះKhmertalking នឹងរង់ចាំស្វាគមន៍ជានិច្ច រាល់ការចេញមុខបំភ្លឺ នៅពេលក្រោយពី អ្នកនាង ពេជ្រ សោភា ដើម្បីបញ្ជាក់ការពិត។
គួររំឭកថា បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញ នៅផលិតកម្មហង្សមាស អស់រយៈពេលជាង១០ឆ្នាំមកនេះ តារាចម្រៀងស្រីថ្គាមខ្លា អ្នកនាង ពេជ្រ សោភា កាលពីថ្មីៗកន្លងមក បានបង្ហាញភាពភ្ញាក់ផ្អើល លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ខណៈដែលមហាជនអ្នកគាំទ្រ បានប្រទះឃើញ នាងសរសេរសារបង្ហោះ ជាសាធារណៈ បង្ហាញប្រាប់ពីការសម្រេចចិត្តលាឈប់ ពីផលិតកម្មហង្សមាសជាផ្លូវការ ព្រោះរឿងវិវាទជម្លោះផ្ទៃក្នុង ជាមួយអ្នកគ្រប់គ្រងតារាចម្រៀង ដ៏មានឥទ្ធិលពលម្នាក់ នៅក្នុងផលិតកម្ម ដែលត្រូវបានគេសង្ស័យថា ជាលោក អ៊ិន ទីតូ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី