(ភ្នំពេញ)៖ ទីតាំងស្តុកទុករថយន្តមួយកន្លែង ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងគយសាខារាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌជ្រោយចង្វារ ដឹកនាំដោយព្រះរាជអាជ្ញារង ខាំ សុផារី ចុះឆែកឆេរត្រួតពិនិត្យ ព្រោះសង្ស័យរថយន្តទាំងអស់នោះ អត់ពន្ធ ទើបម្ចាស់បើកយកទៅលាក់ទុក ដល់កោះដាច់បែបនេះ។
ចំណាត់ការចុះឆែកឆេររករថយន្តអត់បង់ពន្ធ នាំចូលខាងលើ បានប្រព្រឹត្តទៅ កាលពីវេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុងផ្ទះដីឡូត៍មួយកន្លែង លេខ៤៥៥ មានទីតាំងនៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះស្តុកទុករថយន្តជាច្រើនគ្រឿងនេះ ត្រូវបានគេស្គាល់ឈ្មោះ ធី ចាន់ថា ហើយពេលសមត្ថកិច្ច សុំចូលត្រួតពិនិត្យ បានអះអាងថារថយន្តរបស់ខ្លួន សុទ្ធតែមានពន្ធត្រឹមត្រូវតាមច្បាប់។
នៅក្នុងទីតាំងស្តុកទុករថយន្តខាងលើនេះ សមត្ថកិច្ចបានរកឃើញ មានរថយន្តចម្រុះចំនួន១៤គ្រឿង ដែលរួមមានរថយន្តម៉ាកកាមរីហាយប្រិក១គ្រឿង កាមរីបាឡែន២គ្រឿង តាកូម៉ា៥គ្រឿង នីសាន់៣គ្រឿង និងសុីអរវី ៣គ្រឿង។ ខណៈកម្លាំងគយ ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់សំបុត្រពន្ធ នៅជំហ៊ានដំបូង បានរកឃើញមានរថយន្តអត់ពន្ធ ចំនួន៤គ្រឿង ហើយនឹងបន្តធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ជាបន្តទៀត៕












ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី