ភ្នំពេញ៖ លទ្ធផលនៃការ សិក្សាស្រាវជ្រាវ រវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាព ពិភពលោក (WHO) បានបង្ហាញឲ្យដឹងថា អ្នកភូមិដែល កើតជំងឺអេសដ៍ ២១២នាក់ ស្ថិតនៅ ក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង គឺឆ្លងមេរោគអេដស៍ ដោយសារចាក់ថ្នាំ និងចាក់សេរ៉ូម ។
យោងតាមសចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសុខាភិបាល និង WHO នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងថា «ការអង្កេតស្រាវជ្រាវ រកប្រភព នៃការឆ្លងរាលដាល មេរោគអេដស៍ បានរួមបញ្ចូលការ សិក្សាករណីឆ្លង និងមិនឆ្លង មេរោគអេដស៍ ។ លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា អ្នកឆ្លងមេរោគអេសដ៍ ដែលបានចាក់ថ្នាំ និងចាក់សេរ៉ូម មានកម្រិតខ្ពស់ជាង អ្នកមិនឆ្លងមេរោគអេដស៍» ។
សេចក្តីប្រកាសបានឲ្យដឹងទៀតថា ចំលើយរបស់ក្រុមទាំងពីរនេះ បង្ហាញស្ថិតិដ៏មាន សារសំខាន់ ក្រៃលែង ហើយមិនមានចំលើយខុសគ្នា គួរឲ្យកត់សំគាល់រវាង ក្រុមទាំងពីរ លើកត្តាប្រឈម នឹងការឆ្លងមេរោគអេដស៍ ផ្សេងទៀត ដែលមានក្នុងការសិក្សានេះ រួមមាន ការប្រព្រឹត្ត លើការរួមភេទ និងចាក់គ្រឿងញៀន។ ការឆ្លងមេរោគអេដស៍ ពីម្តាយទៅកូន ពុំមែនជាកត្តា ប្រឈមនោះទេ ពីព្រោះភាគច្រើននៃម្តាយ របស់កុមារមានអាយុក្រោម ១៤ឆ្នាំ ដែលបានឆ្លងមេរោគអេសដ៍ ពុំមានផ្ទុក មេរោគអេដស៍ទេ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ នៅក្នុងសេចក្តី ប្រកាសនោះថា ក្រសួងធានាថា គ្រឹះស្ថាន សុខាភិបាលទាំងអស់ អនុវត្តការបង្ការជាសកល ដោយប្រើប្រាស់សំភារៈ បរិក្ខាពេទ្យដែលបានរំងាប់ មេរោគត្រឹមត្រូវ ព្រមទាំងផ្តល់ការអប់រំ ដើម្បីបង្កើនការយល់ដឹង ដល់ប្រជាជនទូទៅ អំពីការទទួលបានសេវាព្យាបាលជំងឺ ដែលមានសុវត្ថិភាពខ្ពស់ និងការបង្ការការឆ្លង មេរោគអេដស៍» ។
លោក ដុង អ៊ិលអាញ់ តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានបញ្ជាក់ថា «សារៈ សំខាន់នៃការឆ្លើយតប ដ៏ឆាប់រហ័ស របស់ក្រសួងសុខាភិបាល ចំពោះបញ្ហាខាងលើ គឺបានទប់ ស្កាត់នូវការឆ្លង មេរោគអេដស៍ បន្តទៀត» ។
សេចក្តីប្រកាសខាងលើបន្តថា ចាប់ពីថ្ងៃទី៨-៣១ខែធ្នូ ឆ្នាំ២០១៤ប្រជាជន ឃុំរការចំនួន ១៩៤០នាក់ ដែលបានស្ម័គ្រចិត្ត ទទួលការប្រឹក្សា និងធ្វើតេស្តឈាម រកមេរោគអេដស៍ ក្នុងនោះ២១២នាក់ បានរកឃើញឆ្លង មេរោគអេដស៍ ដែលមានអ្នកភូមិរការ ១៧៤នាក់ ស្មើនឹង៨២ភាគរយ ។ ក្នុងចំណោមអ្នកឆ្លងមេរោគ ២១២នាក់ គឺមានកុមារអាយុក្រោម ១៤ឆ្នាំ ចំនួន ៣៩នាក់ស្មើនឹង ១៨ភាគរយ ប្រជាជនអាយុចន្លោះពី១៥ឆ្នាំ ដល់ ៥៩ឆ្នាំចំនួន ១២៧នាក់ ស្មើនឹង ៦០ភាគរយ និងមនុស្សចាស់ អាយុចាប់ពី ៦០ឆ្នាំឡើងទៅ មានចំនួន ៤៦នាក់ ស្មើនឹង ២២ភាគរយ ។ ក្នុងចំណោមអ្នកផ្ទុក មេរោគទាំងអស់ចំនួន ៧៥នាក់ ដែលបានធ្វើតេស្ត រកមេរោគរលាក ថ្លើមប្រភេទ HCV មាន ៣៦នាក់ ស្មើនឹង ៤៨ភាគរយ បានឆ្លងមេរោគ HCV ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល