(ភ្នំពេញ)៖ លោកស្រី សន សូដាឡែន មេធាវីការពារក្តីឱ្យជនរងគ្រោះ ដោយការជះទឹកអាស៊ីត នៅផ្សារទម្លាប់ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ តុលាការបានសម្រេចដោះលែងជនដៃដល់ ជាអ្នកជះទឹកអាស៊ីត និងជាអ្នកបញ្ជាឱ្យកូនរបស់ខ្លួន ជះទឹកអាស៊ីត មកលើកូនក្តីរបស់លោកស្រី ដោយមិនដឹងមូលហេតុ បន្ទាប់ពីអ្នកទាំងពីរនាក់នេះ ត្រូវបានតុលាការកោះហៅសាកសួរ និងឃាត់ខ្លួន កាលពីម្សិលមិញ។
លោកស្រី បានបញ្ជាក់ប្រាប់សារព័ត៌មាន FRESH NEWS នៅរសៀលថ្ងៃនេះថា នៅថ្ងៃស្អែកទី១៩ ខែធ្នូ ឆ្នាំ២០១៤ លោកស្រី នឹងទៅកាន់តុលាការ ដើម្បីសួររកហេតុផលឱ្យបានច្បាស់លាស់ អំពីមូលហេតុ នៃការដោះលែង ជនដៃដល់ និងជាអ្នកបញ្ជាឱ្យជះទឹកអាស៊ីតទាំងពីរនាក់នេះ (ជនសង្ស័យ២នាក់ ជាឪពុកម្តាយ និងជនសង្ស័យ២នាក់ទៀត កំពុងរត់គេចខ្លួន) ។
លោកស្រី សន សូដាឡែន មេធាវីការពារក្តីឲ្យជនរងគ្រោះបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការដោះលែងជនសង្ស័យ ពីតុលាការខេត្តតាកែវ ហើយលោកស្រីបានបញ្ជាក់ផងដែរថា កូនក្តីរបស់លោកស្រី ក៏មានការតក់ស្លុត និងឈឺចាប់ចំពោះ ភាពអយុត្តិធម៌របស់តុលាការ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៨ ខែធ្នូនេះ អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺ អំពីការចោទប្រកាន់ថា តុលាការខេត្ត តាកែវ បានដោះលែងជនសង្ស័យ ពាក់ព័ន្ធករណីជះទឹកអាស៊ីត នៅផ្សារទម្លាប់ ខេត្តតាកែវ។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណីជះទឹកអាស៊ីតមួយបានកើតឡើង នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើងដោយជនដៃដល់ ៤នាក់ (ឳពុកម្តាយ និងកូន២នាក់) បណ្តាលឱ្យស្រី្តមានផ្ទៃពោះ២ខែម្នាក់ ឈ្មោះ មូល ស្រីមុំ រងរបួសធ្ងន់ និងកូនស្រីរបស់គាត់ អាយុ២ឆ្នាំ ម្នាក់ទៀត រងរបួសសើស្បែក។ បន្ទាប់ពីកើតហេតុ ជនដៃដល់២នាក់បងប្អូន បានរត់គេចខ្លួន ហើយតុលាការ បានកោះហៅឳពុកម្តាយ (អ្នកជាជះ និងជាបញ្ជាឲ្យកូនជាអ្នកជះទឹកអាស៊ីតផងដែរ) ជនដៃដល់ ទាំងពីរនាក់នេះ មកសួរនាំនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។
បន្ទាប់ពីកើតហេតុ ជនដៃដល់២នាក់បងប្អូន បានរត់គេចខ្លួន ហើយតុលាការបានកោះហៅឪពុកម្តាយ (ជាអ្នកជះ និងជាបញ្ជាឲ្យកូនជាអ្នកជះទឹកអាស៊ីតផងដែរ) ទាំងពីរនាក់នេះ មកសួរនាំនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ហើយត្រូវបានដោះលែងវិញ នៅថ្ងៃនេះ នេះបើយោងតាមមេធាវីការពារក្តីរបស់ជនរងគ្រោះ។
លោក លុយ សុវណ្ណារ័ត្ន បុរសនារីរងគ្រោះបានឱ្យដឹងថា រហូតមកដល់ពេលនេះ ពួកគេមិនទាន់បានទទួលសំណងអ្វី ពីគ្រួសាររបស់ជនដៃដល់នោះទេ ខណៈដែលប្រពន្ធរបស់គាត់ កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយខូចមុខអស់មួយចំហៀងដាច់ស្លឹកត្រចៀក ខូចស្បែកតាំងពីលើដល់ក្រោម ហើយសម្រាកនៅមន្ទីពេទ្យអង្គការវះកាត់កុមារ ថែមទាំងរលូតកូន ក្នុងផ្ទៃថែមទៀត។ លោក សុវណ្ណារ័ត្ន «គេចោទខ្ញុំបានទទួលលុយ ទទួលកាក ប៉ុន្តែបើបានទទួលលុយ(សំណង)មែន ខ្ញុំចាំបាច់ឱ្យប្រពន្ធខ្ញុំ ដេកពេទ្យអង្គការធ្វើអ្វី»៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល