ភ្នំពេញៈ កន្លងមក ធ្លាប់មានដំណឹងលេចឮជារឿយៗថា តារាសម្ដែងថ្ពាល់ខួចទាំងសង កញ្ញា មៀច ស្រីខួច ត្រូវបានកន្លង់ម្នាក់ មានងារជាឧកញ៉ា សម្បូរដុល្លារ តាមប្រម៉ាញ់ស្នេហ៍ ជាប់ស្អិតដូចស្ករ តាំងម៉ែ ។ តែនាងហាក់ដូចជា មិនអើពើ ឈឺក្បាលហាលថ្ងៃ ទាល់តែសោះ ទើបតែពេលនេះ ព្រោះ តែអំណាច នៃការព្យាយាមតស៊ូឥតឈប់ឈរ របស់លោកឧកញ៉ារូបនោះ បានធ្វើឲ្យស្រីស្អាត មៀច ស្រីខួច សម្រេចចិត្តបើកភ្លើងខៀវ ឲ្យសញ្ញាវិជ្ជមាន ដល់បុរសសម្បូរដុល្លារនោះ ក្នុងបំណងផ្តើម ស្នេហ៍ជាមួយគ្នា ។
នេះមិនមែនជាលើកទី១ទេ សម្រាប់សិល្បការិនី ក្នុងការលេចឮថា តារាស្រី មៀច ស្រីខួច ត្រូវបាន មន្ត្រីធំ ឬក៏ឧកញ៉ា តាមសុំស្នេហ៍ យកទ្រព្យសម្បត្តិ មកផ្គត់ផ្គង់គ្រប់យ៉ាង ដើម្បីជាធ្នាក់ ទាក់យក បេះដូង ស្រីស្រស់ក្មេង ទៅឃុំគ្រងក្នុងរង្វង់ដៃ ក្លាយជាស្រីកំណាញ់ចិត្ត លាក់បំពូន ក្រោយខ្នងពី ប្រពន្ធដើម។ ពេលនេះ សូម្បីតែតារាស្រីថ្ពាល់ខួច មានទម្រង់មុខកូនកាត់បារាំង កញ្ញា មៀច ស្រីខួច ដែលធ្លាប់តែចិត្តរឹងមិនចង់ ទទួលយកស្នេហ៍ប្រុសអ្នកមាននោះ ក៏មិនអាចរំដោះខ្លួនចេញ ពីរង្វង់ ទឹកប្រាក់របស់បុរស អ្នកមានទ្រព្យទាំងនោះបានដែរ ។
បើតាមប្រភព ពីអ្នកសិល្បៈ បានលួចខ្សឹបប្រាប់ LookingTODAY ឲ្យដឹងថា ពេលនេះ ស្រីខួច មាន ម្ចាស់បេះដូង ឃុំគ្រងហើយ ដោយគូស្នេហ៍ថ្មោងថ្មីរបស់នាង មានងារជាឧកញ៉ា វ័យប្រមាណ ជិត ៤០ឆ្នាំ ។ ជារឿយៗ គេឧស្សាហ៍ឃើញគូស្នេហ៍មួយនេះ បណ្តើរគ្នាត្រសង មើលទៅបុរស វ័យជ្រេ ម្នាក់នោះ ស្រឡាញ់ថ្នាក់ថ្នមនាងខ្លាំងណាស់ មិនហ៊ានធ្វើឲ្យនាងទាស់ចិត្តទេ ។
ប្រភពបានបង្ហើបប្រាប់ទៀតថា កាលពីលើកមុន គេធ្លាប់ឃើញ កញ្ញា មៀច ស្រីខួច បង្ហាញទឹកមុខ ស្រពាប់ស្រពន់ កើតទុក្ខ ព្រោះតែសង្សារ ជាកូនប្រុសអ្នកមាន បានបែកចិត្តពិនាង ទើបធ្វើឲ្យនាង ខូចចិត្ត ដល់ថ្នាក់ត្រូវស្វែង រកបុរសម្នាក់ផ្សេងទៀត មកព្យាបាលរបួសបេះដូង។ ដល់ពេលមាន ស្នេហ៍ថ្មី គេសង្កេតឃើញថា នាងមានសំណាងជាងមុន ដោយប្រុសស្នេហ៍ថ្មីនោះ មានទាំង ស្រឡាញ់ ហួងហែង មិនដែលធ្វើឲ្យនាងទាស់ចិត្ត ឬក៏ពិបាកចិត្តម្តងណាឡើយ ។ មិនថា នាងទៅ សម្តែនៅទីណាទេ គឺគេតែងតែឃើញមានវត្តមានឧកញ៉ារូបនោះ តាមជាប់មិនដាច់ ។
បើទោះជាមានប្រភពខាងលើ បានលើកឡើងបែបនេះក្តី LookingTODAY នៅមិនទាន់ដឹង ច្បាស់ទេ ថា បុរសដែលមានរថយន្តទំនើប ប្រើប្រាស់សម្ភារៈនិយមថ្លៃ ៗ និងមានងារជាឧកញ៉ារូបនោះ ពិត ជាគូស្នេហ៍ថ្មោងថ្មី របស់តារាសម្តែងថ្ពាល់ខួចស្រស់ កញ្ញា មៀច ស្រីខួច ពិតឬយ៉ាងទេ ដោយ LookingTODAY បានព្យាយាមទាក់ទងទៅនាង ដើម្បីធ្វើការសាកសួរ ទាក់ទងរឿងនេះ តែមិនទំនាក់ ទំនងបានសម្រេច នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤នេះ ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល