CamNews

កីឡាអន្តរជាតិ 

អាមេរិក ឈ្នះ​មេ​ដាយ​ជិត ១០០​គ្រឿង ខណៈ​ព្រឹត្តិ​ការណ៍ Rio Olympic Games 2016 នៅ​សល់ ៥​ថ្ងៃ​ទៀត​បញ្ចប់

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់ប្រទេសមហាយក្សអាមេរិក បានឈ្នះមេដាយកើនដល់ ៧២គ្រឿងហើយ គ្រាដែល
ដែលយុទ្ធនាការ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហានេះ។

តាមរយៈគេហទំព័រផ្លូវការរបស់ Rio 2016 បានឲ្យដឹងថា អាមេរិកនៅតែបន្តនាំមុខកំពូលតារាងដាច់ដដែល ពីការឈ្នះ មេដាយបានរហូតដល់ទៅ ៧២គ្រឿង (មាស២៦ ប្រាក់២២ និងសំរឹទ្ធ២៤) តាមពីក្រោយដោយអង់គ្លេស ឈ្នះមេដាយ សរុបបាន ៤១គ្រឿង ចិនឈរនៅលេខ៣ ឈ្នះមេដាយបាន៤៦គ្រឿង តែមេដាយមាស និងប្រាក់ ចាញ់អង់គ្លេស ជាមួយនឹងរុស្ស៊ី កំពុងឈរនៅលេខ៤ បណ្តោះអាសន្ន ដោយឈ្នះមេដាយបាន៣៥គ្រឿងដែរ។

ទន្ទឹមគ្នានោះដែរ មេដាយដែលបានធ្វើការបំពាក់ដល់អត្តពលិកជយលាភី បានកើនដល់ ៥៤១គ្រឿងហើយ (មាស១៧៤ ប្រាក់១៧៤ និងសំរឹទ្ធ១៩៣) ក្នុងចំណោមបណ្តាប្រទេស ៦៩ដែលបានឈ្នះមេដាយនៅ Rio 2016 លើក ទី៣១នេះ។

សូមបញ្ជាក់ផងដែរថា ចំនួនមេដាយដែលអត្តពលិកនានាទទួលបាននេះ គឺទៅលើប្រភេទកីឡាមួយចំនួនដែលបាន បញ្ចប់ជាស្ថាពរហើយរួមមានកីឡាបាញ់ធ្នូ កីឡាបាញ់កាំភ្លើង កីឡាយូដូ កីឡាជិះកង់ កីឡាវាយកូនបាល់ កីឡាជិះទូក កានូ កីឡាគុនដាវ និងកីឡាបាល់គប់ (Rugby Sevens) ក្នុងចំណោម ២៨ប្រភេទកីឡាដែលដាក់ឲ្យប្រកួត ស្របពេលកម្ពុជា ពុំទាន់ឈ្នះមេដាយ ១គ្រឿងនៅឡើយទេ ក្នុងចំណោម ២ប្រភេទកីឡាដែលបានបញ្ចប់ មានកីឡាហែលទឹក និងកីឡារត់ប្រណាំង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង