(ឡូសអាន់ជែឡេស)៖ ស្របពេលដែលលោក Brad Pitt ត្រូវបានភរិយា គឺអ្នកនាង Angelina Jolie ប្តឹងលែងលះ ឥឡូវនេះក៏មានរឿងហេតុថ្មីមួយផ្សេងទៀត បានកើតឡើង ចំពោះតារាសម្តែងប្រុស ដ៏ល្បីល្បាញមួយរូបនេះ ដោយលោកអាចនឹងស្ថិតនៅក្រោម ការស៊ើបអង្កេតរបស់ស្ថាប័ន FBI អាមេរិក បន្ទាប់ពីទទួលរកពាក្យចរចាមអារាមថា Pitt បានធ្វើទុក្ខបុកម្នេញទាំងផ្លូវកាយ និងផ្លូវចិត្តលើកូនៗ របស់លោក ក្នុងអំឡុងពេលធ្វើដំណើរ លើយន្តហោះផ្ទាល់ក្រុមគ្រួសារ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពមិនបញ្ចេញអត្តសញ្ញាណ ដែលធ្វើបានការចោទប្រកាន់ខាងលើ បានរាយការណ៍ថា លោក Brad Pitt បានចាប់ផ្តើមស្រែកគំហកខ្លាំងៗ និងបានវាយកូនៗរបស់លោក ខណៈកំពុងធ្វើដំណើរនៅលើ យន្តហោះឯកជនមួយគ្រឿង ដែលបានហោះហើរពីប្រទេសបារាំង ទៅកាន់ទីក្រុង Los Angeles ហើយហេតុការណ៍នេះ អាចបានកើតឡើង ដោយលោក Pitt ស្ថិតនៅក្រោមឥទ្ធិពល នៃជាតិស្រវឹង។
ជុំវិញការចោទប្រកាន់នេះដែរ ក្រុមភ្នាក់ងារ FBI បាននិងកំពុងតែបន្តប្រមូលភស្ថុតាង ដើម្បីធ្វើការ វាយតម្លៃថា គួរតែបើកការស៊ើបអង្កេតទៅលើករណីនេះដែរ ឬយ៉ាងណានោះ។
គួរបញ្ជាក់ថា ព័ត៌មាននេះបានលេចឮឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកនាង Angelina Jolie បានដាក់ពាក្យបណ្តឹងលែងលះស្វាមីខ្លួន គឺលោក Brad Pitt ដោយបានអះអាងថា ការរស់នៅរវាង អ្នកទាំងពីរគឺគ្មានភាពចុះសម្រុងនឹងគ្នា ហើយព្រមទំាងបានធ្វើការស្នើសុំសិទ្ធិ ទាំងស្រុងលើការថែរក្សា កូនៗទាំង០៦នាក់តែឯង ថែមទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង