(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹង របស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ដែលកន្លងមកនាងធ្លាប់ប្រកាស ប្រាប់បានមហាជន ឲ្យដឹងគ្រប់គ្នាជុំវិញសម្ព័ន្ធភាពស្នេហា ក្រៅឆាកជាមួយមន្រ្តីវ័យក្មេង នៅក្រសួងមហាផ្ទៃ និងក៏ជាកូនមន្រ្តីធំពាក់ផ្កាយផងនោះ ឥឡូវបានចេញមុខប្រកាស ដោយបង្ហាញអំពីក្តីព្រួយបារម្ភរបស់ខ្លួន ខណៈថ្មីៗនេះមានជនអនាមិកបានគំរាមទម្លាយរូបថតអាក្រាតកាយ របស់នាងនៅលើបណ្តាញសង្គមហ្វេស ប៊ុកជាសាធារណៈ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «នាងខ្ញុំសូមយកឱកាសនេះ ជម្រាបជូនពុកម៉ែបងប្អូន មិត្តអ្នកគាំទ្រទាំងអស់នូវគណនីមួយចំនួន ដែលបានផុសរូបភាពរបស់ខ្ញុំ។ រឿងនេះបានកើតឡើង ប្រហែល៣ខែមកហើយ តាំងពីខ្ញុំបានបញ្ជាក់ជូនទស្សនាវដ្តីមួយ ពីការបែកគ្នារវាងខ្ញុំ និងសង្សារ (គុយសិទ្ធិសក្តិ- ប្រវត្តិពិស្តា និងជម្រាបជូនលើកក្រោយ) ហើយទោះបីមានការចុះផ្សាយ ជាបន្តបន្ទាប់ថា ខ្ញុំនិងគេនោះជានាគ្នាធម្មតា តែនោះមិនមានជាសំដីរបស់ខ្ញុំទេ វាជាសំដីរបស់គេ ក្នុងបំណងលប់លាង ឬបិទបាំងអ្វីមួយ..!»។
តារាស្រី វ៉ាន់ នីឡា បានបញ្ជាក់ថា «ដោយសារខ្ញុំស្រឡាញ់គេខ្លាំង ហើយជឿលើពាក្យលួងលោម ផ្អែមល្ហែម ទើបខ្ញុំលង់និងជឿលើគេ។ ប៉ូលិសព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងរបស់ខ្ញុំ និងកំពុងបើកការស្រាវជ្រាវ និងចាប់ជនទុរយសមកផ្តន្ទាទោសតាមច្បាប់ ពីករណីគម្រាមកំហែងចែកចាយរូប និងអ្នកពាក់ព័ន្ធចែកចាយរូប។ ខ្ញុំជឿជាក់លើច្បាប់ និងសមត្ថកិច្ចថា និងវែករកជនល្មើសមកផ្តន្ទាទោស ទោះបីគេជាមន្ត្រីប៉ូលិសកូនផ្កាយ កូនអ្នកមាន រស់ក្នុងវីឡាស្កឹមស្កៃក៏ដោយ សូមផ្តល់យុត្តិធម៌ដល់នាងខ្ញុំ ជាក្មេងទន់ខ្សោយ គ្រួសារក្រីក្រ តូចទាប..!»។
ជាមួយគ្នានេះកញ្ញា វ៉ាន់ នីឡា បានបន្ថែមឲ្យដឹងថា «នាងខ្ញុំសំណូមពរ បងប្អូនក្នុងសង្គមហ្វេសប៊ុកសូមចៀសឆ្ងាយ ពាក់ព័ន្ធនឹងការចែកចាយ ឬរក្សាទុករូបអាក្រាតរបស់នាងខ្ញុំ និង សូមសំណូមពរជួយសហការ ដើម្បីផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីមានការកោះហៅ។ បងប្អូនដែលមិនពាក់ព័ន្ធ ហើយឃើញគណនីដែលផុស ឬចែកចាយ សូមជួយប្រមូលភស្តុតាង មកឲ្យនាងខ្ញុំផង។ សូមបងប្អូនអធ្យាស្រ័យដល់ទង្វើ ខ្វះការពិចារណារបស់នាងខ្ញុំកន្លងមកនេះ!»។
វ៉ាន់ នីឡា បានសរសេរក្នុងក្ដីឈឺចាប់ទៀតថា «នេះជាមេរៀន និងរបួសដ៏ឈឺចាប់ជាទីបំផុតរបស់នាងខ្ញុំ ព្រមទាំងគ្រួសារ។ នាងខ្ញុំនឹងចេញមុខបកស្រាយ តែខណៈនេះទុកពេល ដើម្បីសមត្ថកិច្ច ធ្វើការ។ ពីនាងខ្ញុំ Vanilla.. »។
សូមបញ្ជាក់ថា ការបង្ហាញតាមរយៈសាររបស់ វ៉ាន់ នីឡា ខាងលើនេះ គេអាចសន្និដ្ឋានបានថា មនុស្សដែលធ្លាប់ជិតស្និទ្ធ ហើយដឹងរឿងរ៉ាវជាច្រើនរបស់នាង ទើបអាចមានរូបអាក្រាតកាយរបស់នាង ហើយនាងក៏អាចដឹងច្បាស់ដែរថា នរណាមានរូបរបស់នាង ហើយគំរាមបង្ហោះជាសាធារណៈ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែនៅពេលនេះ មានតែសមត្ថកិច្ចទេ ដែលអាចរកឃើញពន្លឺ និងធ្វើការតាមជំនាញ ស្វែងរកជនលាក់មុខទាំងនោះ ខណៈដែល វ៉ាន់ នីឡា ក៏បានសារភាពកំហុសរបស់ខ្លួនថា នាងបានភ្លើតភ្លើនប្រព្រឹត្តិទង្វើ មិនគប្បីមួយចំនួន នាពេលកន្លងមក ដែលជាមូលហេតុមួយអាចជាដើមចម ក្នុងការមានរូបស្រាតនេះឡើង៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង