CamNews

ព័ត៌មានជាតិ 

យុវតីម្នាក់ទៀត ដែលត្រូវរថយន្តថៅកែភោជនីយដ្ឋានឆ្នេរមាស បុកនៅខេត្តព្រះសីហនុ បានស្លាប់ហើយនៅយប់នេះ

(ព្រះសីហនុ)៖ យុវតី កុយ អេងលីន ជាប្អូន ដែលត្រូវរថយន្តអេស្កាលែតរបស់ថៅកែភោជនីយដ្ឋានឆ្នេរមាស បុកនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែធ្នូ នោះ បានស្លាប់បាត់បង់ជីវិតហើយនៅម៉ោងប្រមាណ ១១យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យជោរី ក្នុងរាជធានីភ្នំពេញ។

លោក យល់ វណ្ណៈ ជីតារបស់កុមារីរងគ្រោះ បានថ្លែងប្រាប់ Fresh News ជាអារម្មណ៍ក្តុកក្តួលថា ចៅស្រីរបស់លោកបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីព្យាយាមសង្រ្គោះមិនបានសម្រេច ហើយលោក និងក្រុមគ្រួសារកំពុងរៀបចំបែបបទនាំសពចៅទៅកាន់ខេត្តព្រះសីហនុធ្វើបុណ្យតាមប្រពៃណី។ បើតាមក្រុមគ្រួសារបានបញ្ជាក់ថា ប្អូនស្រី កុយ អេងលីន បានបាក់ឆ្អឹងខ្នង ៣កំណាត់ បែកលំពែង ត្រូវវះកាត់ ចេញស្ទើរទាំងអស់ តម្រងនោមប៉ះពាល់យ៉ាងខ្លាំង ហើយកកឈាមក្នុងខួក្បាលថែមទៀត។

ជាការសោកស្តាយបើទោះបីជាក្រុមគ្រូពេទ្យ ព្យាយាមជួយយ៉ាងណាក្តី តែមិនអាចដណ្តើមជីវិតប្អូនស្រី កុយ អេងលីន ពីចង្កូមមច្ចុរាជ នោះឡើយ។

សូមបញ្ជាក់ថា កាលពីម៉ោង៩៖១៥នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ យុវសិស្ស ២នាក់បងប្អូន ពេលជិះម៉ូតូឌុបគ្នាមកពីដង្ហែសពមិត្តភក្តិ ត្រូវបានរថយន្តអេស្កាលែតរបស់ថៅកែភោជនីយ៍ដ្ឋានឆ្នេរមាស ក្រុងព្រះសីហនុ បុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្រ្គោះតែក៏ត្រូវស្លាប់នៅម៉ោងជិត១១យប់ថ្ងៃទី២៤ ខែធ្នូ នេះ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងកើតហេតុកាលពីថ្ងៃទី២២ ខែធ្នូ នៅតាមដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១២ -២១៣ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គេឃើញរថយន្ត ១គ្រឿងម៉ាកអេស្កាលែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២U-៦៩៦៩ ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន បានយុវតីពីរនាក់បងប្អូនកំពុង ជិះម៉ូតូស្កុបពីឌុបគ្នា។

យុវតីជាបងឈ្មោះ កុយ អេងលី អាយុ ១៧ឆ្នាំ រីឯប្អូនឈ្មោះ កុយ អេងលីន ពួកគេទាំងពីរនាក់ជាសិស្សថ្នាក់ទី១០ សាលាអន្តរទ្វីប ហើយក៏ជាសិស្សពូកែប្រចាំសាលាផងដែរ៕


 


ប្អូនស្រី បាក់ ឆ្អឹង ខ្នង 3កំណាត់ បែក លំពែង ត្រូវ វះ កាត់ ចេញស្ទេី ទាំង អស់ តំរងនេាមប៉ះពាល់យ៉ាងខ្លាំង កកឈាមក្នុង ខួក្បាល

Posted by Saravuth Lay on Wednesday, 23 December 2015

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh