រដ្ឋមន្រ្ដីសុខាភិបាលប្រទេសញ៉ូហ្ស៊ីលែន បានលាលែងពីតំណែងក្រោយពីមានការរិះគន់អំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះវីរុសខូរ៉ូណា និងការរំលោភបំពានរបស់លោកផ្ទាល់ ចំពោះបទបញ្ជានៃការបិទប្រទេសក្នុងគ្រាអាសន្ន ។
លោករដ្ឋមន្រ្ដី David Clark ត្រូវបានទម្លាក់បុណ្យសក្ដិរួចមកហើយ ក្រោយពីលោកបានរំលោភបទបញ្ជា ដោយបាននាំក្រុមគ្រួសាររបស់លោក ទៅកម្សាន្ដនៅឆ្នេរខ្សាច់ ។ លោក បានមានប្រសាសន៍ថា ការនៅបន្ដកាន់តំណែងតទៅទៀត បានបង្កការរំខានដល់ការឆ្លើយតបទាំងស្រុងរបស់រដ្ឋាភិបាលចំពោះការរីករាលដាលនៃវីរុសនេះ ។
លោកស្រីនាយករដ្ឋមន្រ្ដី Jacinda Ardern បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី បានទទួលយល់ព្រមលើសំណើលាលែងពីតំណែងរបស់លោក ។
ប្រទេស New Zealand ត្រូវបានគេចាត់ទុកថា ជាប្រទេស ដែលទទួលបានជោគជ័យ ក្នុងការដោះស្រាយការរីករាលដាលនៃវីរុសខូរ៉ូណា ។
ប្រទេសនេះ បានកត់ត្រាករណីឆ្លងវីរុសនេះ ១៥២៨ ករណី ហើយមនុស្សចំនួន ២២ នាក់ បានស្លាប់បាត់បង់ជីវិត ។ កាលពីខែមុន ការដាក់បម្រាមចំពោះជំងឺខូវីដ ១៩ ទាំងស្រុង ត្រូវបានដកចេញ ហើយប្រទេសនេះ ត្រូវបានប្រកាសថា បានរួចផុតពីវីរុសនេះទាំងស្រុង ។
ប៉ុន្ដែនៅក្នុងករណីមួយ មនុស្សពីរនាក់ត្រូវបានអនុញ្ញាតឱ្យចេញ ពីការដាក់ឱ្យនៅដាច់ដោយឡែកនាពេលថ្មីៗនេះ ដើម្បីឱ្យពួកគេទៅមើលពុកម្ដាយដែលស្លាប់ ដោយពុំបានធ្វើតេស្ដរកវីរុសឡើយ។ ក្រោយមក ពួកគេត្រូវបានធ្វើតេស្ដរកឃើញជំងឺខូវីដ១៩ ដោយមន្រ្ដីសុខាភិបាល ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC