*ម្ចាស់គ្លីនិកបដិសេធថា មិនមែនរថយន្តរបស់ខ្លួន តែសមត្ថកិច្ចភាគច្រើនស្គាល់ថា ជារបស់គ្លីនិក ឃឹម រ៉ានី!
ភ្នំពេញ៖ រហូតមកដល់ព្រឹក ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៥ គេនៅមិនទាន់ឃើញ ក្រសួងសុខាភិបាល ចាត់វិធានការ យ៉ាងណានៅឡើយទេ ពាក់ព័ន្ធករណី រថយន្តសង្គ្រោះបន្ទាន់ ធ្វើដំណើរទៅយកជនរងគ្រោះ ដែលគេ ស្គាល់ថា ជារបស់គ្លីនិកឯកជន ឃឹម រ៉ានី អ្នកបើកបរស្រវឹងស្រាបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់ទៅ៣នាក់ និងរបួស២នាក់ ។
មន្ត្រីក្រសួងសុខាភិបាលមួយរូបដែលនៅខាងផ្នែកគ្រប់គ្រងមន្ទីរពេទ្យឯកជន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដោយសូមមិនឲ្យបញ្ចេញឈ្មោះ បានអះអាងថារហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលនៅមិនទាន់ មានវិធានការនិងចំណាត់ការ យ៉ាងណានៅឡើយទេ ពាក់ព័ន្ធករណីរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន បង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យបុកមនុស្សស្លាប់និងរបួសដល់ទៅ៥នាក់នោះនៅឡើយទេ តែកន្លងមកក្រសួង ធ្លាប់បានចេញលិខិតហាមឃាត់និងជូនដំណឹងដល់ម្ចាស់មន្ទីរពេទ្យ ម្ចាស់គ្លីនិកឯកជន ទាំងអស់ដោយមិនអនុញ្ញាត ឲ្យរថយន្តសង្គ្រោះបន្ទាន់ របស់ខ្លួនចេញទៅយកជនរងគ្រោះ នៅតាមទីសាធារណៈឡើយ ដោយក្រសួងថែមទាំង ចេញ លិខិតជម្រាបជូនទៅសមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថ ឲ្យសហការទប់ស្កាត់ទៀតផង។
សូមបញ្ជាក់ថាកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ចំណុចមុខប៉ុស្តិ៍នគរបាលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីរថយន្ត សង្គ្រោះបន្ទាន់ មិនមានបិទស្លាកសញ្ញាគ្លីនិក ឬមន្ទីរពេទ្យឯកជនជាសម្គាល់ណាមួយ នោះឡើយបានបើក យ៉ាងលឿន ទៅបុកម៉ូតូ២គ្រឿងដែលជិះប្រកាន់ស្តាំដៃ បណ្តាលឲ្យគ្រួសារមួយដែលប្តីប្រពន្ធនិងកូនតូចជិះ ឌុបគ្នាស្លាប់ទាំង៣នាក់ និងម៉ូតូ១គ្រឿងទៀត ដែលជិះដោយស្ត្រីពីរនាក់រងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើកបរ ដែលគេអះអាងថាស្ថិតក្នុងអាការៈស្រវឹងបានរត់គេខ្លួនបាត់តែសមត្ថកិច្ចនិងអ្នកធ្លាប់ស្គាល់ បានអះអាងថារថយន្ត សង្គ្រោះបន្ទាន់ បង្កគ្រោះថ្នាក់ខាងលើនេះជារបស់គ្លីនិក ឃឹម រ៉ានី ក្នុងនោះនៅក្នុងរថយន្តបង្កគេមិនបានឃើញ មានបំពាក់ឧបករណ៍សង្គ្រោះបន្ទាន់ ដូចរថយន្តសង្គ្រោះបន្ទាន់ភាគច្រើនឡើយ តែគេបែរជាឃើញមានកំប៉ុង ស្រាបៀរអាន់ឆ័រគាស់ហើយ ក្លាស្សេត្រជាក់នៅជាប់នឹងកន្លែងដាក់ដបទឹក ឬកំប៉ុងទឹកក្រូចក្បែរដៃអ្នកបើកបរ ទៅវិញ។
ប្រភពព័ត៌មានបានឲ្យដឹងថាទោះបីជាសមត្ថកិច្ចនិងអ្នកស្គាល់អះអាងថារថយន្តសង្គ្រោះបន្ទាន់ខាងលើនេះ ជា របស់គ្លីនិក ឃឹម រ៉ានី ដែលតែងតែចេញដឹកជនរងគ្រោះនៅលើដងផ្លូវរាល់យប់ក៏ដោយតែម្ចាស់គ្លីនិកឃឹម រ៉ានី បានធ្វើការបដិសេធប្រាប់អ្នកកាសែតថា រថយន្តបង្កខាងលើមិនមែនជារបស់គ្លីនិកខ្លួនឡើយ ហើយរថយន្តសង្គ្រោះ របស់ខ្លួន មិនបានចេញដឹកអ្នកជំងឺនោះទេនៅយប់កើតហេតុ។
ទោះបីម្ចាស់គ្លីនិកធ្វើការបដិសេធយ៉ាងណាក៏ដោយបើគេចង់រកអត្តសញ្ញាណឬម្ចាស់គ្លីនិក រថយន្តបង្កវាមិនពិបាក នោះទេ ខ្លាចតែគេមិនចង់រកហើយឃុបឃិតគ្នាតែប៉ុណ្ណោះ។
សូមបញ្ជាក់ថាបច្ចុប្បន្ននៅរាជធានីភ្នំពេញ ក្រៅតែពីរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ គឺនៅមានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យឯកជនចំនួនពីរនៅតែធ្វើសកម្មភាពចេញយកជនរងគ្រោះនៅលើដងផ្លូវ និងតាមទីសាធារណៈជា រៀងរាល់យប់ ថ្ងៃ ដោយទី១គេអះអាងថារថយន្តសង្គ្រោះ របស់គ្លីនិកឯកជន ឃឹម រ៉ានីនិងទី២ រថយន្តសង្គ្រោះ របស់គ្លីនិក គឹម សុង តែពួកគេមិនបានដាក់ឈ្មោះសម្គាល់ដូចមុនៗនោះឡើយ ដើម្បីងាយស្រួលគេចពីការទទួល ខុសត្រូវ ពេលមានបញ្ហាកើតឡើងឬក្រសួងសុខាភិបាល រករឿងជាដើម។
បច្ចុប្បន្ននេះគេដឹងថា រថយន្តសង្គ្រោះបន្ទាន់ របស់រដ្ឋបំរើសេវាមិនទាន់ជាមួយរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិក ឯកជនខាងលើនេះទេ ព្រោះតែរថយន្តសង្គ្រោះបន្ទាន់របស់រដ្ឋចតរងចាំនៅក្នុងទីតាំងមន្ទីរពេទ្យពេលខ្លះ សមត្ថកិច្ចឬសាធារណជន ទូរស័ព្ទហៅសុំការសង្គ្រោះទាំងតាមទូរស័ព្ទលេខ១១៩ ឬក៏អាយកូមជាដើម មិនមាន អ្នកលើកទទួលឬលើកដែរ តែយូរបានលើកដោយអ្នកកាន់ស្តង់ដារលើកហេតុផលថា អ្នកផ្តល់ ព័ត៌មានហៅការ សង្គ្រោះភាគច្រើន ភូតកុហក។ ចំណែករថយន្តសង្គ្រោះរបស់គ្លីនិកឯកជនយប់ឡើង ពួកគេបើកចេញទៅប្រចាំការ នៅតាមគោលដៅ ដែលបានកំណត់តែម្តង មិនតែប៉ុណ្ណោះម្ចាស់គ្លីនិកបានផ្តល់កម្រៃជើងសារ (លុយកុំម្មុយស្យុង) ទៅឲ្យសមត្ថកិច្ចដែលបានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកជនរងគ្រោះទៀងផង ដោយលុយថ្លៃ កម្រៃជើងសារ មានចាប់ពី៥ដុល្លាររហូតដល់២០ទៅ៣០ដុល្លារ ទៅតាមសភាពជនរងគ្រោះជាអ្នកមានលទ្ធភាព បង់ថ្លៃសេវាព្យាបាលច្រើនឬតិច រហូតដល់ពេលខ្លះសមត្ថកិច្ច ដែលចង់មានលុយកុំម្មុយស្យុង ច្រើននាក់ទូរស័ព្ទ ហៅរថយន្តសង្គ្រោះច្រើនកន្លែងទៅដល់ជាន់លេខរៀងគ្នា នាំគ្នាដណ្តើមជនរងគ្រោះ ជាពិសេសជនរងគ្រោះដែល មើលទៅ មានលទ្ធភាពបង់ថ្លៃសេវាព្យាបាលតែម្តង រហូតដល់បង្កជម្លោះធ្លាប់កើតករណីបើករថយន្តសង្គ្រោះ ដេញបុក ដេញវ៉ាយគ្នាទៀតផង។
តាមពិតការបង្កើតឲ្យមានរថយន្តបម្រើសេវាសង្គ្រោះកាន់តែច្រើនកាន់តែល្អ មិនថារបស់រដ្ឋឬរបស់ឯកជននោះទេ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ឲ្យបានទាន់ពេលវេលា តែបច្ចុប្បន្ននេះម្ចាស់គ្លីនិកឯកជនខ្លះដែលមាន រថយន្ត សង្គ្រោះបន្ទាន់ មិនព្រមធ្វើតាមវិជ្ជាជីវៈបែរជាក្បត់ក្រមសីលធម៌ គ្រូពេទ្យ មើលឃើញតែផលប្រយោជន៍ប្រាក់ ចំណេញពេលខ្លះជនរងគ្រោះ ដែលមើលទៅជាជនក្រីក្រដូចជាកម្មករជនអនាថា ជាដើមពេលរថយន្តសង្គ្រោះ របស់គេបើកទៅដល់មើលឃើញក៏បើករថយន្តចេញ មិនយកជនរងគ្រោះឬពេលខ្លះទើសទាល់ក៏សុខចិត្តទទួលយក តែមិនដឹកទៅដាក់នៅគ្លីនិកខ្លួនឯងនោះឡើយ បែរជាដឹកទៅដាក់នៅពេទ្យរដ្ឋ។ ចំណែកជនរងគ្រោះខ្លះពេលដឹកទៅ ព្យាបាលនៅគ្លីនិករបស់ខ្លួនហើយ គិតលុយសេវាខ្ពស់ហួសកប់ពពក ដែលតម្លៃធម្មតាត្រឹម៥០-៦០ដុល្លារ គាត់គិត ដល់៣០០-៥០០ដុល្លារជាដើម នេះនៅមិនទាន់គិតដល់ជនរងគ្រោះ ខ្លះពេលរថយន្តឯកជនដឹកទៅកាន់គ្លីនិកឯកជន ហើយពួកគាត់ដឹងថាសេវាថ្លៃជនរងគ្រោះទាមទារទៅពេទ្យរដ្ឋ ឬសុំចុះជិះម៉ូតូឬមធ្យោបាយផ្សេង ស្រាប់តែ អ្នកបើករថយន្តសង្គ្រោះទារលុយថ្លៃដឹកបានពាក់កណ្តាលផ្លូវ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ រាប់សិបដុល្លារ ក៏មានដែរ។
បច្ចុប្បន្ននេះគេដឹងថាការរើសអើងក្នុងការដឹកជនរងគ្រោះ មិនចំពោះតែរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន នោះទេ សូម្បីតែរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋល្បីខ្លះ ក៏រើសអើងដែរ ពេលខ្លះតែអ្នកបើកបរហ៊ាន ដឹកជនអនាថា អ្នកក្រីក្រ ចូលច្រើនហ្នឹង ច្បាស់ជាត្រូវថ្មោងរបស់ប្រធានមន្ទីរពេទ្យជាមិនខានឡើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល