(ភ្នំពេញ)៖ បុរសម្នាក់ ដែលគេអះអាងថា មានជាតិស្រវឹងនៅក្នុងខ្លួនផងនោះ បានបើករថយន្តហាយឡែនឌ័រ ទៅប៉ះម៉ូតូហើយមិនព្រមចុះដោះស្រាយ បែរជាប្រឹងបន្ថែមល្បឿនបម្រុងរត់គេច តែមិនចំណេញជ្រុលទៅបុក ផ្ទះទម្លុះចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោលបំផ្លាញម៉ូតូ និងទ្រព្បសម្បត្តិក្នុងផ្ទះអស់ជាច្រើន នាំឲ្យការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋក្នុងភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់។
ហេតុការណ៍បើករថយន្តទម្លុះចូលផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមអ្នកយកព័ត៌មានរបស់ Fresh News បានឲ្យដឹងថា ហេតុការណ៍បុកទម្លុះចូលផ្ទះនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់ម្ចាស់ផ្ទះទេ តែបានបំផ្លាញម៉ូតូ ៣គ្រឿង ទូរទស្សន៍ និងទ្រព្យសម្បត្តិផ្សេងៗមួយចំនួនទៀត។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ បុរសបើករថយន្តបង្កហេតុនៅឡើយទេ៕




















ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី