CamNews

ព័ត៌មានអន្តរជាតិ 

ចិន៖ សង្គ្រាមពាណិជ្ជកម្មមិនបានធ្វើឱ្យ អាមេរិកខ្លាំងអស្ចារ្យម្តងទៀតនោះទេ

សៀវភៅ​ស ដែល​បង្ហាញ​ដោយ លោក Guo Weimin ​អនុរដ្ឋមន្រ្តី ពាណិជ្ជកម្ម​នៅ​ក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​អាទិត្យ បានទម្លាក់កំហុស​លើ​អាមេរិក​ថា ជាអ្នកធ្វើ​ឲ្យ​ការចរចា​ពាណិជ្ជកម្ម​ជាប់គាំង នឹងបានចំអកថា​​ សង្គ្រាមពាណិជ្ជកម្មមិនបានធ្វើឱ្យ អាមេរិចខ្លាំងអស្ចារ្យម្តងទៀតនោះទេ(America not Great Again)។  បន្ថែមលើសពីនេះ សៀវភៅដដែលបានគូសបញ្ជាក់ពីឆន្ទៈរបស់ប្រទេសចិន ក្នុងការចរចាបន្តទៀត ក្នុងគោលបំណងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថយកម្ដៅ។



 មន្ត្រីជាន់ខ្ពស់រូបនេះ បាននិយាយនៅពេលនោះថា៖ ​" ចិននឹងមិនចរចាជាមួយក្រុងវ៉ាស៊ីនតោនជាដាច់ខាត បើអាមេរិកនៅតែ​កាន់កាំបិតទៅផ្ជង់បំពង់ករបស់ខ្លួន" ។

សៀវភៅ​សនោះ បានសរសេរបន្ថែមថា ការជួបគ្នាជាង 10 ដងនៃការចរចាពាណិជ្ជកម្មត្រូវបានជាប់គាំង ក្រុងវ៉ាស៊ីនតោនគួរតែទទួលខុសត្រូវទាំងស្រុង ចំពោះការបរាជ័យដ៏ធ្ងន់ធ្ងរ នៅក្នុងកិច្ចចរចានេះ។ ការដំឡើង និងការគំរាមកំហែងដំឡើងពន្ធបន្តបន្ទាប់ របស់អាមេរិកស្ទើរតែទាំងអស់លើទំនិញរបស់ចិន ដែលនៅសល់  ដែលនេះវាបាន"ផ្ទុយនឹងកិច្ចព្រមព្រៀង ក្នុងការបន្ធូរបន្ថយការកកស្ទះតាមរយៈការពិគ្រោះយោបល់ និងការរំពឹងទុករបស់ប្រទេសទាំងពីរ ។ អនុរដ្ឋមន្រ្តី ពាណិជ្ជកម្ម ដដែលសង្កត់ធ្ងន់ថា៖" ការចរចា មិនអាចធ្វើឡើងក្រោមការគំរាមកំហែងនៃការដំឡើងពន្ធឡើយ"។

សៀវភៅនេះ ត្រូវបានចេញផ្សាយក្រោយមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសដំឡើងពន្ធសងសឹកទៅអាមេរិកវិញ ដែលមានចំនួន 25% លើការនាំចូលរបស់អាមេរិក ទៅកាន់ប្រទេសចិន ដែលមានតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក។

សូមរំលឹកផងដែរថា ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកានដំណែងជា ប្រធានាធិបតីសហរដ្ឋអាមេរិចមក លោកបានបង្កអោយមានភាពតានតឹងជាមួយប្រទេសចិន លើវិស័យពាណិជ្ជកម្ម​​ និងបច្ចេកវិទ្យា ដោយលោកមើលឃើញថា ចិនជាប្រទេសរកស៊ីមិនស្មោះត្រង់ និងការលួចចម្លងកម្មសិទ្ធិបញ្ញារបស់អាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕



 

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ asia.nikkei