CamNews

តារា 

ខេមរៈ សេរីមន្ត ឈ្នះក្តី​ក្រុមហ៊ុន Sk នៅ​សាលាឧទ្ធរណ៍

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ខាងតុលាការសាលាឧទ្ធរណ៍ បានបើកសវនាការ ជំនុំជម្រះ ទៅលើរឿងក្តីគ្រោះថ្នាក់ចរាចរណ៍ របស់តារាចម្រៀងប្រុសល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត ដោយខាងតុលាការបានសម្រេច កាត់ឲ្យភាគីជនរងគ្រោះ ឈ្នះក្តីនិងបង្គាប់ឲ្យភាគីខាង ក្រុមហ៊ុន Sk សងសំណងជំងឺចិត្ត ទៅដល់គ្រួសារជនរងគ្រោះ ដូចការសម្រេច របស់សាលាដំបូង ខេត្តព្រះសីហនុ ។

ចំពោះរឿងរ៉ាវចម្រូងចម្រាស ដែលអូសបន្លាយអស់រយៈ ពេលជាច្រើនខែ ចាប់តាំងពីខែមីនា ឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ ត្រូវបានតុលាការសាលាដំបូងខេត្តព្រះ សីហនុ ស្វែងរកយុត្តិធម៌ ដោយតម្រូវភាគី ខាងក្រុមហ៊ុនដឹកជញ្ចូន Sk និងក្រុមហ៊ុនធានារ៉ាប់រង កាមិនកូ សងសំណងជំងឺចិត្តទៅ ដល់គ្រួសារជនរងគ្រោះ តែដោយសារតែភាគីខាងក្រុមហ៊ុន Sk មិនសុខចិត្តក៏ដាក់ពាក្យបណ្តឹង ប្តឹងតទៅសាលាឧទ្ធរណ៍បន្ត។

ទាក់ទងនឹងរឿងក្តីនេះ ត្រូវបានអ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ និងជាបងប្រុសបង្កើត របស់តារាចម្រៀង លោក ខេមរៈ សេរីមន្ត គឺលោក ខេមរៈ ភារុណ បានប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា តុលាការសាលាឧទ្ធរណ៍ បានសម្រេចឲ្យភាគីជន រងគ្រោះឈ្នះក្តីហើយ កាលពីវេលាម៉ោង៨-៣០នាទីព្រឹកមិញនេះ ដោយសាលាឧទ្ធរណ៍ បាន សម្រេចទៅតាម ការទាមទាររបស់ជនរងគ្រោះ ។

លោក ខេមរៈ ភារុណ បានសម្តែងការសាទរ ទៅលើការកាត់សេចក្តី របស់តុលាការសាលាឧទ្ធរណ៍ ជំនួសគ្រួសារជនរងគ្រោះថា “តាមការសម្រេចរបស់ សាលាឧទ្ធរណ៍ គឺជារឿងត្រឹមត្រូវ ព្រោះថា ជនរងគ្រោះ បានជួបនូវមហាទុក្ខសោក បែកបាក់សមាជិកគ្រួសារ វាជាបញ្ហាដែលច្រើនលើស ពីសំណងនេះទៅទៀត ជីវិតមនុស្សយើងមិនអាច យកមកកាត់ថ្លៃ ដាក់លក់នៅលើទីផ្សាទេ ” ។

បើទោះជាខាងតុលាការបានធ្វើ ការសម្រេចឲ្យភាគីជនរងគ្រោះ ទទួលបានសំណងពីខាងក្រុមហ៊ុន Sk យ៉ាងណាក្តីក៏គេនៅមិនទាន់ ដឹងនៅឡើយទេ ថាភាគីខាងក្រុមហ៊ុនយល់ព្រម សងសំណងទៅ តាមការ សម្រេចរបស់តុលាការ សាលាឧទ្ធរណ៍ឫក៏ត្រូវបន្ត ប្តឹងទៅតុលាការ កំពូលនៅឡើយ នោះទេ មានតែរង់ចាំអ៊ុត មើលទាំងអស់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khemmarak sereymun Entertainment Khmer super star Singer ខេមរៈ សេរីមន្ត