ភ្នំពេញៈ ថ្មីៗនេះទើបតែលេចឮ ព័ត៌មានថ្មីក្តៅៗថា តារាសម្តែង កញ្ញា អ៊ឹង និមល កំពុងសម្ងំលួចលាក់ បង្កាត់ ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយបុរសរូបសង្ហា ជាតារាសម្តែងរួមអាជីព លោក ព្រីន ច័ន្ទបុត្រ លាក់បាំងពីភ្នែក មហា ជន ។
នេះមិនមែនជាលើកទី១ទេ ដែលតារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Model កញ្ញា អ៊ឹង និមល បានពើប ប្រទះ និងព័ត៌មានថាលួចលាក់ មានទំនាក់ទំនងស្នេហា ។ កាលពីមុននេះបន្តិច មានព័ត៌មានថា នាងមាន ទំនាក់ទំនង ជាមួយថៅកែលក់រថយន្ត ហើយទំនាក់ទំនងស្នេហ៍នោះ មិនអាចរក្សាបាន ក៏បែកគ្នា។ ទើបព័ត៌ មានថ្មីមួយទៀត លេចឡើងថា ពេលនេះនាងបានទៅ សម្ងំបង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយតារាសម្តែងមានងារ ជាបុរសពោះម៉ាយ ដែលមហាជនស្គាល់គ្រប់ៗគ្នាគឺ លោក ព្រីន ច័ន្ទបុត្រ ។
បើតាមប្រភពពី អ្នកសិល្បៈនៅជិតដិត កញ្ញាតារាបង្ហាញម៉ូដរូបស្រស់ បានលួចបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា មួយរយៈពេលក្រោយនេះ គេសង្កេតឃើញថាទំនាក់ទំនងរវាង កញ្ញា និមល និងលោក ច័ន្ទបុត្រ ហាក់កាន់តែមានភាពស្អិតរមួត ជាមួយគ្នាប្រៀបដូចជា លលកញីឈ្មោលបេះមិនចេញទេ ដោយពេលនេះ កញ្ញា និមល បានក្លាយជា គ្រូពេទ្យព្យាបាល របួសបេះដូង លោក ច័ន្ទបុត្រ បន្ទាប់ពីលោកជួបវិបត្តិស្នេហ៍ ផ្ទួនៗគ្នា ដល់ទៅពីរដងនោះ ។
ប្រភពខាងលើបានប្រាប់ឲ្យ ដឹងទៀតថា ពេលនេះពួកគេ ទាំងពីរនាក់ បានទាក់ទងគ្នាជាផ្លូវការ ហើយដោយ បុរសមាឌមាំ លោក ព្រីន ច័ន្ទបុត្រ បានធានារ៉ាបរងទំនុកបម្រុង កញ្ញា និមល ពីក្រោយខ្នងគ្រប់បែបយ៉ាង ដើម្បីឲ្យនាងរស់នៅសុខស្រួល និងចង់ឲ្យនាងដកឃ្លាឆ្ងាយពីសិល្បៈ ទៅសម្ងំសាងស្នេហ៍យ៉ាង មានសុភ មង្គល ជាមួយលោកដោយស្ងាត់ៗ ។
ក្នុងជំនួបជាមួយ Looking TODAY តារាសម្តែង និងជាពិធីការិនី កញ្ញា អ៊ឹង និមល បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ នេះថា នាងគ្មានទំនាក់ទំនងស្នេហា ជាមួយ លោក ព្រីន ច័ន្ទបុត្រ ដូចការលើកឡើង ខាងលើទេ ហើយថា ឲ្យមានស្នេហាស្រលាញ់គ្នា ម៉េចបានទៅ បើពួកនាងទើបតែស្គាល់ និងបានជួបគ្នាត្រឹម តែ ៣-៤ដងតែប៉ុណ្ណោះ ។
កញ្ញា និមល បានប្រាប់ឲ្យដឹងទៀតថា “ ខ្ញុំទើបតែបានស្គាល់ និងជួប លោក ច័ន្ទបុត្រ បានតែប៉ុន្មានដងក្នុង ពេលដើរម៉ូដតែប៉ុណ្ណោះ ខ្ញុំនិងគាត់មិនសូវស្និទ្ធស្នាលគ្នាផង តើឲ្យខ្ញុំនិងគាត់មានស្នេហា ស្រលាញ់គ្នាម៉េច ទៅ” ៕