CamNews

កំសាន្ត 

សួន លីនដា បដិសេធដំណឹងថា ផលិតកម្ម​មិនសូវ​លើកតម្កើង

ភ្នំពេញៈ ថ្មីៗនេះ មានព័ត៌មានលេចឮ ជាបន្តបន្ទាប់ថា តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្ម សាន់ដេ កញ្ញា សួន លីនដា មួយរយៈចុងក្រោយ សន្ទុះកេរ្តិ៍ឈ្មោះ ហាក់ដូចជាគ្មានភាពលេចធ្លោ ដូចកាលដែលនាង បោះជំហានចូលសិល្បៈដំបូងឡើយ ។ បញ្ហានេះត្រូវបានគេលួចបង្ហើបថា ដោយសារតែខាងក្រុមហ៊ុន ហាក់ដូចជាមិនសូវអើពើ និងលើកតម្កើងនាង ដូចពេលមុនៗ ទាំងការចេញបទចម្រៀង ក៏ដូចជាការងារផ្សេងជាច្រើនទៀត។

ទាក់ទងនឹងការលើកឡើងខាងលើ ត្រូវបានមជ្ឈដ្ឋានមួយចំនួន លើកឡើងថា តារាចម្រៀង ក្នុងផលិតកម្ម សាន់ដេ កញ្ញា លីនដា មួយរយៈនេះ ផលិតកម្មហាក់ ដូចជាមិនសូវរវីរវល់ និងលើកស្ទួយនាងខ្លាំង ដូចកាលចូលសិល្បៈដំបូងៗ ឡើយ។ បទចម្រៀងនាង ដែលចេញក្រោយៗ ហាក់គ្មានសន្ទុះលេចធ្លោខ្លាំង ខុសពីតារាចម្រៀងដទៃ របស់ផលិតកម្ម ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសម្តែងការព្រួយបារម្ភថា លីនដា អាចធ្លាក់ប្រជាប្រិយភាព ប្រសិនបើនៅតែគ្មានបទចម្រៀងល្អច្រៀង ធ្វើឲ្យយុវវ័យចាប់អារម្មណ៍ដូចពេលមុននោះទេ ។

ជួបសម្ភាសន៍ តាមទូរស័ព្ទ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នេះ តារាស្រីរាងខ្ពស់ស្រឡះ ម្ចាស់បទ "មានសង្សារជាព្រាននារី" កញ្ញា លីនដា បានចេញមុខច្រានចោល ព័ត៌មានប្រាប់ LookingTODAY ឲ្យដឹងថា សម្រាប់ព័ត៌មានលើកឡើងថា នាងមិនសូវមានការ និងលេចធ្លោដូចពេលដំបូងនោះ មិនមែនជាការពិតទេ។ ជាក់ស្តែងដូចពេលនេះ នាងមានការមមាញឹក ជាមួយការងារច្រើនខ្លាំងណាស់ ទោះជារដូវភ្លៀងចូលមកដល់ក៏ដោយ ។

ស្រីស្អាតទម្រង់មុខពងក្រពើ រូបស្រស់ សួន លីនដា បានប្រាប់ឲ្យដឹងបន្តទៀតថា “ និយាយតាមត្រង់ទៅចុះ បច្ចុប្បន្ននេះ ការងារខ្ញុំ មានការរវល់ច្រើនណា ត្រូវចុះខនសឺតតាមខេត្ត ណាត្រូវសម្រុក ថតឈុតខារ៉ាអូខេ បទចម្រៀង និងថតរឿងរវល់ស្ទើរាល់ថ្ងៃ ការងារទាំងអស់នេះ គឺខាងក្រុមហ៊ុន ជាអ្នកផ្តល់ឲ្យខ្ញុំធ្វើ តើអាចនិយាយថា ផលិតកម្ម មិនលើកតម្កើងយ៉ាងម៉េចបានទៅ ?” ។

កញ្ញា លីនដា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “សម្រាប់ខ្ញុំ មិនដែលគិតទេថា ផលិតកម្មមានការលំអៀងឬក៏ប្រជាប្រិយភាពធ្លាក់នោះទេ តាមពិតទៅបទចម្រៀង ដែលខ្ញុំចេញក៏ពីរោះ និងមានអត្ថន័យមិនចាញ់បទមុនៗទេ ។ តែគ្រាន់មិនសូវផ្ទុះខ្លាំង ដូចបទមុនៗប៉ុណ្ណោះ ។ ទោះជាយ៉ាងណា នៅក្នុងពេលឆាប់នេះ ខាងផលិតកម្ម និងចេញបទចម្រៀងថ្មី ជាចង្វាក់ញាក់ និងមនោសញ្ចេតនា ជាច្រើនទៀត ឲ្យខ្ញុំផងដែរ..! ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news