(ក្រុងឡុងដ៍)៖ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA នឹងប្រកាសជាផ្លូវការក្នុងរយៈពេល២៤ម៉ោង (១ថ្ងៃ) ទៀតប៉ុណ្ណោះ ក្នុងការតែងតាំងលោក Sam Allardyce អតីតគ្រូបង្វឹកក្លឹបឆ្មាខ្មៅ Sunderland ក្នុងការដឹកនាំក្រុមជម្រើស ជាតិអង់គ្លេសបន្តទៀត ដើម្បីជំនួសកៅអីលោក Roy Hodgson ដែលបានលាលែងពីតំណែង ក្រោយពេលអង់គ្លេស ជ្រុះចេញពី Euro 2016 នៅបារាំង ត្រឹមវគ្គ១៦ក្រុម បន្ទាប់ពីចាញ់អ៊ីស្លង់ ២-១។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថ្ងៃពុធ ទី២១ ខែកក្កដានេះថា បុរសជនជាតិអង់គ្លេស វ័យ៦១ឆ្នាំ មានពេល១ថ្ងៃ ក្នុងការបញ្ចប់កិច្ចសន្យារយៈពេល ១ឆ្នាំដែលនៅសល់ជាមួយក្លឹបលេងនៅ Premier League, Sunderland បន្ទាប់ពីបានដឹកនាំ ៩ខែមកនេះ ដើម្បីឡើងទៅកាន់តំណែងគ្រូធំ ដឹកនាំក្រុមតោ៣ អង់គ្លេស ប្រកួតជម្រុះ World Cup 2018 នៅរុស្ស៊ីជាបន្តទៀត។
លោក Allardyce នឹងក្លាយជាគ្រូបង្វឹកលើកទី១៥ ដែលបានដឹកនាំអង់គ្លេស មុនពេលបានក្លាយជាគ្រូបង្វឹកដំបូងដឹកនាំក្លឹបអាជីព Blackpool ក្នុងឆ្នាំ១៩៩៤ ដឹកនាំក្លឹប Blackpool, West Ham United, Newcaslte United, Bolton និង Sunderland លេងក្នុង Premier League សរុបបាន ៤៦៧ប្រកួត ដោយមិនធ្លាប់ឈ្នះពានធំណាមួយឡើយ។
១ប្រកួតដំបូងរបស់អង់គ្លេស ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Sam Allardyce ពេលអង់គ្លេស ប៉ះក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងវគ្គជម្រុះ Word Cup 2018 ប្រចាំទ្វីបអឺរ៉ុប នារាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ជើងទី១៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង