ភ្នំពេញៈ បន្ទាប់ពីតារាល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានសម្រេចចិត្តដឹកដៃ លោក ជា វិបុល ចូលរោងការ តាមប្រពៃណី កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ គេសង្កេតឃើញថា គូស្វាមី ភរិយាមួយគូនេះ មិនបានដឹកដៃគ្នា ទៅក្រេបច័ន្ទ ទឹកឃ្មុំ នៅក្រៅប្រទេស ដូចការប៉ងប្រាថ្នានោះទេ ដោយសារតែពួកគេទាំងពីរ ជាប់រវល់ខ្លាំងជាមួយការងារ រៀងៗខ្លួន មិនអាចរកពេលទំនេរបាន ។
ទស្សនិកជន នៅចាំបានថា ក្រោយពីតារាប្រុសស្រីមួយគូនេះ រៀបការជាមួយគ្នារួច ពួកគេទាំងពីរនាក់ បានប្រកាស ដោយចំហរថា នឹងដឹកដៃគ្នា ចេញទៅដើរលេងបង្កើនភាពរ៉ូមែនទិក សម្រាប់សុភមង្គល គ្រួសារ ថ្មោងថ្មី នៅប៉ែកអឺរ៉ុប ។ ប៉ុន្តែអស់រយៈពេលជាងកន្លះឆ្នាំហើយ តារាប្រុសស្រីមួយគូនេះ នៅតែមិនទាន់បានដឹកដៃគ្នា ចេញទៅដើរលេង ដោយសារតែគូស្នេហ៍មួយនេះ មានការ មមាញឹក ជាមួយការងាររៀងៗខ្លួន ។ ពេលនេះស្រាប់តែស្រីស្រស់ប្រុសសង្ហា គង់ សុជាតិ និង ជា វិបុល សម្រេចចិត្ត ផ្អាកការងារក្នុងរយៈពេលខ្លី ដឹកដៃគ្នា ចេញទៅដើរលេង នៅក្រៅប្រទេស យ៉ាងរំភើយ ។
បើតាម អ្នកនាង កាតុ និង កញ្ញា រ៉ូលីន បានបង្ហើប ជាសាធារណៈ នៅក្នុងកម្មវិធី "ពេញចិត្តអត់?" របស់ស្ថានីយ ទូរទស្សន៍ My TV កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ នេះថា "ការបាត់វត្ត មានពិធីការិនី អ្នកនាង គង់ សុជាតិ មិនឃើញបង្ហាញខ្លួន ក្នុងកម្មវិធីនោះ គឺដោយសារតែអ្នកនាង ចេញទៅដើរលេង ជាលក្ខណៈគ្រួសារ ជាមួយស្វាមី លោក ជា វិបុល និងកូនស្រី ព្រោះថា តាំងពីរៀប ការហើយ មិនបានចេញទៅដើរលេងនោះទេ ព្រោះរវល់ការងារច្រើនពេក ទើបតែពេលនេះ ក៏ផ្អាកការងារ មួយចំនួនយកពេលដើរលេង តែម្តងទៅ " ៕