បាត់ដំបង៖ តូបចំនួន ២៤៤តូប ក្នុងផ្សារភ្នំព្រឹក្ស ស្ថិតក្នុងទីរួមស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុងកាលពីវេលាម៉ោង ១១ និង៤៥នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ បំផ្លាញទ្រព្យសម្បត្តិសម្ភារៈ របស់អាជីវករអស់រាប់សិបម៉ឺនដុល្លារ តែមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋ និងផ្ទះប្រជាពលរដ្ឋនៅ ជិតខាងនោះទេ។
អធិការរងរនគរបាលស្រុកភ្នំព្រឹក្ស លោក សារ៉េត វិសេដ្ឋ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤នេះថា រហូតដល់វេលាម៉ោង ៨ និង៣១នាទីព្រឹកថ្ងៃនេះ ការជួយអន្តរាគមន៍បាញ់ពន្លត់ ការឆាបឆេះក្នុងផ្សារនេះ មិនទាន់រលត់នៅឡើយទេ ពោលសកម្មភាពបាញ់ពន្លត់កំពុងបន្តនៅឡើយ។
លោក សារ៉េត វិសេដ្ឋ បានឲ្យដឹងផងដែរថា កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានប្រើទឹកអស់ជាង ៣០រថយន្ត ហើយ ដើម្បីបាញ់ពន្លត់នៅកន្លែងឆាបឆេះ។
លោកអធិការរងនគរបាលស្រុកភ្នំព្រឹក្ស បានឲ្យដឹងថា ការឆាបឆេះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ដែលផ្តើម ចេញពីតូបលក់ខោអាវ។ ផ្សារដែលរងការឆាបឆេះនេះ ជាផ្សារឯកជន របស់មេបញ្ជាការលេខ៥៣ លោក ជាភួង ភារម្យ។
បើតាមលោក សារ៉េត វិសេដ្ឋ ការឆាបឆេះនេះ បានបំផ្លាញទ្រព្យសម្ភារៈរបស់អាជីវករអស់រាប់សិបម៉ឺនដុល្លារ តែមិន ទាន់អាចបូកសរុបពីទំហំខូចខាតទាំងអស់បានទេ។
ទោះបីជាយ៉ាងណា អគ្គិភ័យនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅជុំវិញផ្សារនោះឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល